លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀបកាត់បន្ថយចំណាយ

របៀបកាត់បន្ថយចំណាយ

 ដោយ​សារ​បញ្ហា​សេដ្ឋកិច្ច តើ​អ្នក​ពិបាក​រស់​នៅ​ឬ​ទេ? រោគ​រាត​ត្បាត គ្រោះ​មហន្តរាយ​ធម្មជាតិ បញ្ហា​នយោបាយ និង​សង្គ្រាម​អាច​នាំ​ឲ្យ​មាន​បញ្ហា​សេដ្ឋកិច្ច ហើយ​ពេល​មាន​បញ្ហា​សេដ្ឋកិច្ច នេះ​នាំ​ឲ្យ​យើង​តាន​តឹង​ចិត្ត​ណាស់។ ប៉ុន្តែ ក្នុង​គម្ពីរ​មាន​យោបល់​ដ៏​មាន​ប្រាជ្ញា​ដែល​អាច​ជួយ​យើង​ឲ្យ​រស់​នៅ​បាន ទោះ​ជា​យើង​មាន​ប្រាក់​ចំណូល​តែ​បន្តិច​បន្តួច​ក្ដី។

១. ទទួល​យក​ស្ថានភាព​ថ្មី​របស់​អ្នក។

 គោល​ការណ៍​គម្ពីរ​៖ ​«​ខ្ញុំ​ចេះ​រស់​នៅ . . . ដោយ​មាន​តែ​បន្តិច​បន្តួច ខ្ញុំ​ចេះ​រស់​នៅ​ដោយ​មាន​បរិបូរ​»។—ភីលីព ៤:១២

 ទោះ​ជា​អ្នក​មិន​សូវ​មាន​លុយ​ដូច​ពី​មុន​ក្ដី អ្នក​អាច​សម្រប​ខ្លួន​នឹង​ស្ថានភាព​ថ្មី។ ពេល​ដែល​អ្នក​ឆាប់​ទទួល​ស្គាល់​ការ​ពិត ហើយ​សម្រប​ខ្លួន នោះ​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក​អាច​យក​ឈ្នះ​បាន។

 សូម​មើល​ថា​តើ​រដ្ឋាភិបាល​ឬ​អង្គការ​ណា​មួយ​អាច​ជួយ​អ្នក​បាន! សូម​រហ័ស​ចុះ​ឈ្មោះ ព្រោះ​ពេល​វេលា​ផ្ដល់​ជំនួយ​នោះ​មាន​កម្រិត។

២. សហការ​គ្នា​ជា​ក្រុម​គ្រួសារ។

 គោល​ការណ៍​គម្ពីរ​៖ ​«​បើ​គ្មាន​ការ​ប្រឹក្សា​ទេ នោះ​គម្រោង​នឹង​បរាជ័យ តែ​បើ​មាន​ការ​ប្រឹក្សា​ច្រើន នោះ​គម្រោង​នឹង​បាន​ជោគ​ជ័យ​វិញ​»។—សុភាសិត ១៥:២២

 ពិភាក្សា​ជា​មួយ​គូ និង​កូន​ៗ​របស់​អ្នក​អំពី​ស្ថានភាព​នោះ ដោយ​មាន​ការ​ប្រាស្រ័យ​ទាក់​ទង​ល្អ អ្នក​អាច​ជួយ​ក្រុម​គ្រួសារ​ឲ្យ​យល់ ហើយ​គាំទ្រ​ការ​កែ​ប្រែ​ណា​មួយ​ដែល​ចាំ​បាច់។ ហើយ​ពេល​ដែល​ក្រុម​គ្រួសារ​សហការ​គ្នា នោះ​ពួក​គេ​អាច​សន្សំ​សំចៃ ហើយ​ជៀស​វាង​ពី​ការ​ខ្ជះ​ខ្ជាយ ហើយ​អ្នក​អាច​ប្រើ​លុយ​ដែល​អ្នក​មាន​ធ្វើ​អ្វី​ផ្សេង​ទៀត​បាន។

៣. រៀប​ចំ​គម្រោង​ថវិកា។

 គោល​ការណ៍​គម្ពីរ​៖​«​អង្គុយ​គិត​គូរ​ជា​មុន​សិន​»។—លូកា ១៤:២៨

 ពេល​អ្នក​មាន​ប្រាក់​ចំណូល​តិច គឺ​សំខាន់​ឲ្យ​អ្នក​ដឹង​ថា​តើ​អ្នក​ចំណាយ​លើ​អ្វី​ខ្លះ។ ដំបូង​អ្នក​អាច​កត់​ទុក​ប្រាក់​ចំណូល​ដែល​អ្នក​នឹង​ទទួល​ជា​រៀង​រាល់​ខែ​ស្រប​តាម​ស្ថានភាព​ថ្មី​របស់​អ្នក។ បន្ទាប់​មក​កត់​ទុក​អ្វី​ដែល​អ្នក​ចំណាយ​រាល់​ខែ ឬ​ការ​ចំណាយ​លើ​អ្វី​ដែល​អ្នក​ចូល​ចិត្ត ទោះ​ជា​អ្នក​ដឹង​ថា​អ្នក​នឹង​ឈប់​ចំណាយ​លើ​អ្វី​ទាំង​នោះ​ក៏​ដោយ។ ព្យាយាម​រាប់​បញ្ចូល​ប្រាក់​សន្សំ​ពី​ការ​ចំណាយ​ប្រចាំ​ខែ​ដែល​អ្នក​បាន​ទុក​សម្រាប់​គ្រា​អាសន្ន ឬ​ការ​ចំណាយ​ដែល​មិន​នឹក​ស្មាន​ដល់។

 យោបល់​៖ ពេល​ដែល​អ្នក​ដឹង​អំពី​ការ​ចំណាយ​របស់​អ្នក​ហើយ សូម​កុំ​ភ្លេច​រាប់​បញ្ចូល​ការ​ទិញ​របស់​កំប៉ិក​កំប៉ុក​ផង​ដែរ។ អ្នក​ប្រហែល​ជា​ភ្ញាក់​ផ្អើល​ពេល​ដែល​អ្នក​ដឹង​ថា អ្នក​ចំណាយ​ច្រើន​ប៉ុន​ណា​ទៅ​លើ​របស់​ទាំង​នោះ​យូរ​មក​ហើយ។ ជា​ឧទាហរណ៍ ក្រោយ​ពី​គិត​គូរ​ការ​ចំណាយ​បុរស​ម្នាក់​បាន​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​គាត់​ចំណាយ​ប្រមាណ​ជាង​៣០០​ទៅ​៤០០​ដុល្លារ​លើ​ស្ករ​កៅស៊ូ។

៤. សូម​សម្រេច​ថា​តើ​ការ​ចំណាយ​មួយ​ណា​ដែល​សំខាន់​បំផុត ហើយ​ធ្វើ​ការ​កែ​ប្រែ។

 គោល​ការណ៍​គម្ពីរ​៖​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។—ភីលីព ១:១០

 សូម​ប្រៀប​ធៀប​ប្រាក់​ចំណាយ​និង​ប្រាក់​ចំណូល​របស់​អ្នក ធ្វើ​ដូច្នេះ​អ្នក​អាច​ដឹង​ថា​អ្នក​អាច​កាត់​បន្ថយ​លើ​ការ​ចំណាយ​អ្វី​ខ្លះ ឬ​ឈប់​ចំណាយ​លើ​អ្វី​ទាំង​នោះ​តែ​ម្ដង ដើម្បី​អ្នក​អាច​នៅ​សល់​ប្រាក់​ចំណូល​ច្រើន​ជាង។ សូម​ពិចារណា​អំពី​ចំណុច​ដូច​ត​ទៅ​នេះ​៖

  •   យាន​ជំនិះ។ បើ​អ្នក​មាន​យាន្ត​ជំនិះ​ពីរ តើ​អ្នក​អាច​លក់​មួយ​បាន​ទេ? បើ​អ្នក​មាន​យាន្ត​ជំនិះ​ទំនើប តើ​អ្នក​អាច​ប្ដូរ​វា​ទៅ​ជា​យាន្ត​ជំនិះ​ធម្មតា​បាន​ទេ? តើ​អ្នក​អាច​ប្រើ​ការ​ធ្វើ​ដំណើរ​សាធារណៈ ឬ​ជិះ​កង់ ហើយ​បើ​អាច​ធ្វើ​បាន មិន​មាន​យាន្ត​ជំនិះ​តែ​ម្ដង​បាន​ទេ?

  •   ការ​កម្សាន្ដ។ តើ​អ្នក​អាច​ផ្អាក​មួយ​រយៈ​ទៅ​លើ​ការ​ចំណាយ​កម្ម​វិធី​ផ្សាយ​ផ្ទាល់ ឬ​ប៉ុស្តិ៍​ទូរទស្សន៍​ខ្សែ​កាប​ឬ​ទេ? ឬ​តើ​អ្នក​អាច​ប្ដូរ​ទៅ​ក្រុម​ហ៊ុន​ដែល​ថោក​ជាង​បាន​ទេ? ជា​ឧទាហរណ៍ នៅ​បណ្ណាល័យ​ជិត​តំបន់​របស់​អ្នក​ប្រហែល​ជា​ឲ្យ​ខ្ចី​សៀវភៅ ភាពយន្ត ឬ​ឯកសារ​សំឡេង​ដោយ​ឥត​គិត​ថ្លៃ។

  •   ទឹក​ភ្លើង។ សូម​ពិភាក្សា​ជា​មួយ​ក្រុម​គ្រួសារ​អំពី​របៀប​កាត់​បន្ថយ​ការ​ចំណាយ​លើ​ទឹក ភ្លើង និង​ប្រេង​ឥន្ធនៈ។ សូម​បិទ​ភ្លើង ហើយ​ងូត​ទឹក​លឿន​ជាង នេះ​មើល​ទៅ​មិន​សូវ​សំខាន់​ប៉ុន្តែ​ទម្លាប់​បែប​នេះ​អាច​ជួយ​អ្នក​ឲ្យ​សន្សំ​លុយ​បាន។

  •   អាហារ។ ជៀស​វាង​ការ​ចេញ​ទៅ​ញ៉ាំ​ខាង​ក្រៅ តែ​ផ្ទុយ​ទៅ​វិញ​អ្នក​អាច​ធ្វើ​ម្ហូប​នៅ​ផ្ទះ។ សូម​គិត​អំពី​ម្ហូប​ដែល​អ្នក​នឹង​ធ្វើ ហើយ​ទិញ​និង​ធ្វើ​ម្ហូប​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​សម្រាប់​ទុក​នៅ​ពេល​ក្រោយ។ សូម​ធ្វើ​បញ្ជី​មុន​នឹង​ទៅ​ផ្សារ ដើម្បី​ជៀស​វាង​ការ​ទិញ​អ្វី​ដែល​មិន​ចាំ​បាច់។ សូម​ទិញ​បន្លែ​ផ្លែ​ឈើ​តាម​រដូវ​កាល​ព្រោះ​នេះ​ថោក​ជាង កុំ​ទិញ​អាហារ​ដែល​បង្ខូច​សុខភាព ហើយ​បើ​អាច​ធ្វើ​បាន អ្នក​អាច​ដាំ​បន្លែ​ខ្លួន​ឯង។

  •   សម្លៀក​បំពាក់។ សូម​ទិញ​ខោ​អាវ​នៅ​ពេល​ដែល​អ្នក​ត្រូវ​ការ​ដោយ​សារ​ខោ​អាវ​រហែក​ឬ​ចាស់ មិន​មែន​ដេញ​តាម​ម៉ូត​ទាន់​សម័យ​នោះ​ទេ។ សូម​រក​ទិញ​ពេល​គេ​បញ្ចុះ​តម្លៃ​ឬ​ពី​ហាង​មួយ​ទឹក ឬ​ហាង​ជជុះ។ ម្យ៉ាង​ទៀត ក្រោយ​ពេល​បោក​ខោ​អាវ​ជា​ជា​ប្រើ​ម៉ាស៊ីន​សម្ងួត អ្នក​អាច​ហាល​សម្លៀក​បំពាក់​ទាំង​នោះ បើ​អាកាសធាតុ និង​កាលៈទេសៈ​អំណោយ​ផល ព្រោះ​អាច​សន្សំ​សំចៃ​ថ្លៃ​ភ្លើង។

  •   សម្ភារៈ​ដែល​ចង់​ទិញ​នៅ​ថ្ងៃ​អនាគត។ មុន​នឹង​អ្នក​ទិញ​អ្វី​មួយ សូម​សួរ​ខ្លួន​ថា​៖ ‹តើ​ខ្ញុំ​មាន​លទ្ធភាព​ទិញ​ទេ? តើ​ខ្ញុំ​ពិត​ជា​ត្រូវ​ការ​វា​ទេ?› តើ​អ្នក​អាច​ពន្យារ​ពេល​ក្នុង​ការ​ទិញ​គ្រឿង​អេឡិចត្រូនិក ឬ​យាន្ត​ជំនិះ​ទេ? ផ្ទុយ​ទៅ​វិញ តើ​អ្នក​អាច​លក់​របស់​ដែល​អ្នក​លែង​ត្រូវ​ការ ឬ​លែង​ប្រើ​ទៀត​ឬ​ទេ? ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​ជីវិត​សាមញ្ញ​ជាង ហើយ​ជួយ​បង្កើន​ប្រាក់​ចំណូល​របស់​អ្នក។

 យោបល់​៖ ពេល​ដែល​ប្រាក់​ចំណូល​របស់​អ្នក​បាន​កាត់​បន្ថយ​ភ្លាម​ៗ អ្នក​ប្រហែល​ជា​ចង់​បញ្ឈប់​ទម្លាប់​ខ្លះ​ៗ​ដែល​ចំណាយ​ប្រាក់​ច្រើន និង​នាំ​ទុក្ខ​ដល់​ខ្លួន ដូច​ជា​ការ​ជក់​បារី ការ​លេង​ល្បែង​ស៊ីសង ឬ​ការ​ផឹក​ស្រា​ហួស​ប្រមាណ។ ការ​បញ្ឈប់​ទម្លាប់​ទាំង​នេះ មិន​គ្រាន់​តែ​សន្សំ​សំចៃ​លុយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​អ្នក​មាន​សុខភាព​ល្អ​ដែរ។

៥. រៀន​អ្វី​ដែល​គម្ពីរ​ចែង។

 គោល​ការណ៍​គម្ពីរ​៖ ​«​អស់​អ្នក​ដែល​ស្រេក​ឃ្លាន​ចំពោះ​ការ​ណែនាំ​ពី​ព្រះ នោះ​មាន​សុភមង្គល​ហើយ!​»។—ម៉ាថាយ ៥:៣

 គម្ពីរ​មាន​ការ​ណែនាំ​ដ៏​សម​ហេតុ​ផល​ថា​៖​«​ប្រាជ្ញា​ជា​គ្រឿង​ការ​ពារ ដូច​ប្រាក់​ក៏​ជា​គ្រឿង​ការ​ពារ​ដែរ។ ប៉ុន្តែ ការ​មាន​ចំណេះ​និង​ប្រាជ្ញា​គឺ​ប្រសើរ​ជាង ដោយ​សារ​នោះ​រមែង​ជួយ​រក្សា​ជីវិត​របស់​អ្នក​ដែល​មាន​អ្វី​ទាំង​នោះ​»។ (​អ្នក​ទូន្មាន ៧:១២​) ប្រាជ្ញា​បែប​នេះ​គឺ​មាន​នៅ​ក្នុង​គម្ពីរ ហើយ​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​តាម​ការ​ណែនាំ​នេះ ដែល​ជួយ​ពួក​គេ​ឲ្យ​ជៀស​វាង​ការ​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក​អំពី​បញ្ហា​សេដ្ឋកិច្ច។—ម៉ាថាយ ៦:៣១, ៣២