លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទអំពីក្របទស្សនាវដ្ដី | តើលោកអ្នកនឹងទទួលអំណោយដ៏អស្ចារ្យបំផុតពីព្រះទេ?

អំណោយដ៏វិសេសបំផុត

អំណោយដ៏វិសេសបំផុត

ប្រដាប់ខួងខ្មៅដៃនៅក្នុងដៃរបស់យ៉ូដាន់មើលទៅដូចជាអ្វីធម្មតា។ ប៉ុន្ដែ វាជាទ្រព្យដ៏មានតម្លៃបំផុតមួយរបស់គាត់។ យ៉ូដាន់ពន្យល់ថា«អ៊ំរ៉ាសិលដែលជាមិត្ដភក្ដិរបស់ក្រុមគ្រួសារយើង បានឲ្យវាមកខ្ញុំកាលខ្ញុំនៅតូច»។ ក្រោយពីរ៉ាសិលស្លាប់ យ៉ូដាន់បានដឹងថារ៉ាសិលបានជួយជីដូនជីតានិងពុកម្ដាយរបស់យ៉ូដាន់យ៉ាងច្រើន ដោយពង្រឹងកម្លាំងចិត្ដពួកគាត់ក្នុងអំឡុងគ្រាលំបាក។ យ៉ូដាន់និយាយថា«ឥឡូវខ្ញុំបានស្គាល់អ៊ំរ៉ាសិលច្រើនជាង ដូច្នេះខ្ញុំកាន់តែឲ្យតម្លៃចំពោះអំណោយដ៏តូចនេះ»។

ដូចបទពិសោធន៍របស់យ៉ូដាន់បានបង្ហាញ អំណោយមួយប្រហែលជាមើលទៅដូចជាមិនសូវមានតម្លៃគ្មានតម្លៃសោះចំពោះមនុស្សខ្លះ។ ប៉ុន្ដែ ចំពោះអស់អ្នកដែលយល់អំពីអត្ថន័យនៃអំណោយដែលខ្លួនបានទទួល អំណោយនោះមានតម្លៃខ្លាំងណាស់។ គម្ពីរបានរៀបរាប់អំពីអំណោយមួយដែលមានតម្លៃឥតគណនាថា«ព្រះស្រឡាញ់ពិភពលោកដល់ម៉្លេះបានជាលោកបានឲ្យបុត្រតែមួយរបស់លោក ដើម្បីឲ្យអស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះអាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។—យ៉ូហាន ៣:១៦

អំណោយនោះផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ដល់អ្នកដែលទទួល! តើមានអំណោយណាដែលអស្ចារ្យជាងនេះទៀតទេ? ទោះជាមនុស្សខ្លះប្រហែលជាមិនយល់តម្លៃនៃអំណោយនោះក្ដី តែចំពោះគ្រិស្ដសាសនិកពិតអំណោយនោះគឺជាអ្វីដែល«ថ្លៃ»មានតម្លៃណាស់។ (ទំនុកតម្កើង ៤៩:៨; ពេត្រុសទី១ ១:១៨, ១៩) ប៉ុន្ដែ ហេតុអ្វីបានជាព្រះបូជាជីវិតបុត្ររបស់លោកដើម្បីមនុស្សទាំងអស់ក្នុងពិភពលោក?

សាវ័កប៉ូលពន្យល់អំពីមូលហេតុទាំងនេះថា«ភាពខុសឆ្គងបានចូលក្នុងពិភពលោកតាមរយៈបុរសតែម្នាក់ ហើយសេចក្ដីស្លាប់បានចូលតាមរយៈភាពខុសឆ្គង ដូច្នេះ សេចក្ដីស្លាប់បានឆ្លងរាលដាលដល់មនុស្សទាំងអស់»។ (រ៉ូម ៥:១២) អាដាមគឺជាបុរសដំបូងដែលព្រះបានបង្កើត។ គាត់បានប្រព្រឹត្ដអំពើខុសឆ្គងដោយមិនស្តាប់បង្គាប់ព្រះ ហើយបានត្រូវដាក់ទោសឲ្យស្លាប់។ តាមរយៈអាដាម សេចក្ដីស្លាប់បានឆ្លងរាលដាលដល់កូនចៅទាំងអស់របស់គាត់ ពោលគឺមនុស្សជាតិទាំងឡាយ។

«ប្រាក់ឈ្នួលដែលភាពខុសឆ្គងបើកឲ្យ គឺជាសេចក្ដីស្លាប់ តែអំណោយដែលព្រះផ្ដល់ឲ្យគឺជាជីវិតដែលគ្មានទីបញ្ចប់ ដោយគ្រិស្ដយេស៊ូ ជាម្ចាស់របស់យើង»។ (រ៉ូម ៦:២៣) ដើម្បីរំដោះមនុស្សជាតិឲ្យរួចពីសេចក្ដីស្លាប់ ព្រះបានចាត់លោកយេស៊ូគ្រិស្ដដែលជាបុត្ររបស់លោកឲ្យមកផែនដី ដើម្បីបូជាជីវិតល្អឥតខ្ចោះរបស់ខ្លួនជាប្រយោជន៍ដល់មនុស្សទាំងអស់ក្នុងពិភពលោក។ ដោយផ្អែកលើគ្រឿងបូជានោះដែលជា«ថ្លៃលោះ» អស់អ្នកដែលបង្ហាញជំនឿលើលោកយេស៊ូនឹងទទួលជីវិតដែលគ្មានទីបញ្ចប់។—រ៉ូម ៣:២៤

ស្ដីអំពីអំណោយទាំងអស់ដែលព្រះផ្ដល់ឲ្យអ្នកគោរពប្រណិប័តន៍លោកតាមរយៈលោកយេស៊ូគ្រិស្ដ ប៉ូលប្រកាសថា«សូមអរគុណព្រះចំពោះអំណោយទានដ៏វិសេសវិសាលរកពណ៌នាពុំបានរបស់លោក»។ (កូរិនថូសទី២ ៩:១៥) ពិតមែន ថ្លៃលោះនោះគឺជាអំណោយដ៏អស្ចារ្យរកថ្លែងពុំបាន។ ក្នុងចំណោមអំណោយដ៏អស្ចារ្យទាំងអស់ដែលព្រះផ្ដល់ឲ្យមនុស្សជាតិ ហេតុអ្វីថ្លៃលោះគឺជាអំណោយពិសេសជាងគេ? តើថ្លៃលោះខុសគ្នាយ៉ាងណាពីអំណោយផ្សេងទៀតដែលមកពីព្រះ? * ម្យ៉ាងទៀត តើយើងគួរបង្ហាញចិត្ដកតញ្ញូចំពោះអំណោយនេះតាមរបៀបណា? យើងសូមអញ្ជើញលោកអ្នកឲ្យអានចម្លើយចំពោះសំណួរទាំងនេះពីគម្ពីរ ដែលមាននៅក្នុងអត្ថបទពីរបន្ដបន្ទាប់នេះ។

^ វគ្គ 8 លោកយេស៊ូសុខចិត្ដ«លះបង់ជីវិតដើម្បីយើង»។ (យ៉ូហានទី១ ៣:១៦) ទោះជាយ៉ាងនេះក្ដី ដោយសារគ្រឿងបូជានោះជាផ្នែកនៃគោលបំណងរបស់ព្រះ អត្ថបទបន្ដបន្ទាប់ក្នុងទស្សនាវដ្ដីលេខនេះផ្ដោតអារម្មណ៍ទៅលើតួនាទីរបស់ព្រះក្នុងនាមជាអ្នកផ្ដល់ថ្លៃលោះ។