លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

តើ​លោក​យេស៊ូ​ចង់​មាន​ន័យ​យ៉ាង​ណា​ពេល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​គិត​ស្មាន​ថា​ខ្ញុំ​បាន​មក ដើម្បី​នាំ​យក​សន្តិភាព​»​ឡើយ?

លោក​យេស៊ូ​បាន​បង្រៀន​មនុស្ស​ឲ្យ​មាន​សន្តិភាព​ជា​មួយ​គ្នា។ ប៉ុន្តែ នៅ​ពេល​មួយ លោក​បាន​ប្រាប់​ពួក​សាវ័ក​របស់​លោក​ថា​៖ ​«​កុំ​គិត​ស្មាន​ថា​ខ្ញុំ​បាន​មក ដើម្បី​នាំ​យក​សន្តិភាព​មក​ឲ្យ​ផែនដី​ឡើយ។ ប៉ុន្តែ ខ្ញុំ​បាន​មក​ដើម្បី​នាំ​ឲ្យ​មាន​ទំនាស់ មិន​មែន​ដើម្បី​នាំ​ឲ្យ​មាន​សន្តិភាព​ទេ។ ព្រោះ​ខ្ញុំ​បាន​មក​ដើម្បី​នាំ​ឲ្យ​កូន​ប្រុស​ទាស់​នឹង​ឪពុក កូន​ស្រី​ទាស់​នឹង​ម្ដាយ ហើយ​កូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយ​ក្មេក​»។ (​ម៉ាថ. ១០:៣៤, ៣៥​) តើ​លោក​យេស៊ូ​ចង់​មាន​ន័យ​យ៉ាង​ណា?

លោក​យេស៊ូ​មិន​ចង់​បំបែក​បំបាក់​ក្រុម​គ្រួសារ​ទេ ប៉ុន្តែ​លោក​ដឹង​ថា​សេចក្ដី​បង្រៀន​របស់​លោក អាច​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ខ្លះ​ទាស់​ទែង​គ្នា។ ដូច្នេះ ពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត​និង​ទទួល​ការ​ជ្រមុជ​ទឹក ត្រូវ​ដឹង​ថា​ជួន​កាល​សមាជិក​ក្រុម​គ្រួសារ​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​នេះ​របស់​ពួក​គេ​ទេ។ បើ​គូ​ដែល​មិន​មែន​ជា​អ្នក​ជឿ ឬ​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​គ្រួសារ​ប្រឆាំង​ពួក​គេ នេះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ពិបាក​កាន់​ខ្ជាប់​តាម​សេចក្ដី​បង្រៀន​របស់​គ្រិស្ត​យ៉ាង​ស្មោះ​ត្រង់។

គម្ពីរ​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ឲ្យ​«​មាន​សន្តិភាព​ជា​មួយ​នឹង​មនុស្ស​ទាំង​អស់​»។ (​រ៉ូម ១២:១៨​) ប៉ុន្តែ សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​អាច​ប្រៀប​ដូច​ជា​«​ដាវ​»​ក្នុង​ក្រុម​គ្រួសារ​ខ្លះ។ នេះ​កើត​ឡើង​ពេល​ដែល​សមាជិក​ណា​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​ទទួល​យក​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ កាល​ដែល​សមាជិក​ឯ​ទៀត​បដិសេធ​ឬ​ប្រឆាំង​សេចក្ដី​បង្រៀន​នោះ។ ក្នុង​ករណី​នេះ សាច់​ញាតិ​ឬ​ពួក​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ ទៅ​ជា​«​សត្រូវ​»​របស់​បុគ្គល​ដែល​រៀន​សេចក្ដី​ពិត។—ម៉ាថ. ១០:៣៦

ពួក​អ្នក​កាន់​តាម​គ្រិស្ត​ដែល​រស់​នៅ​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​ជំនឿ​ខុស​ៗ​គ្នា​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​នៅ​ពេល​ខ្លះ​ថា តើ​ពួក​គេ​នឹង​ផ្គាប់​ចិត្ត​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ ឬ​ក៏​សាច់​ញាតិ។ ជា​ឧទាហរណ៍ សាច់​ញាតិ​ដែល​មិន​មែន​ជា​អ្នក​ជឿ​នឹង​ព្យាយាម​បង្ខំ​ពួក​គេ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សាសនា។ ពេល​មាន​ការ​ល្បង​ល​បែប​នេះ តើ​ពួក​គេ​នឹង​ធ្វើ​ឲ្យ​អ្នក​ណា​ពេញ​ចិត្ត? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​ស្រឡាញ់​ឪពុក​ឬ​ម្ដាយ​ជាង​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​សម​នឹង​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ​ទេ​»។ (​ម៉ាថ. ១០:៣៧​) លោក​យេស៊ូ​មិន​មែន​ចង់​មាន​ន័យ​ថា​ដើម្បី​ទៅ​ជា​អ្នក​កាន់​តាម​លោក ពួក​គេ​ត្រូវ​ស្រឡាញ់​ឪពុក​ម្ដាយ​តិច​ជាង​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ចង់​បង្រៀន​ថា​ពួក​គេ​ត្រូវ​ដឹង​ថា​អ្នក​ណា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ។ បើ​សាច់​ញាតិ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ប្រឆាំង​យើង មិន​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា យើង​នៅ​តែ​ស្រឡាញ់​ពួក​គេ ប៉ុន្តែ​យើង​ស្រឡាញ់​ព្រះ​ខ្លាំង​ជាង។

ច្បាស់​ណាស់ ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​ខ្លាំង​ណាស់។ ប៉ុន្តែ ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ចាំ​អំពី​ប្រសាសន៍​របស់​លោក​ដែល​ថា​៖ ​«​អ្នក​ណា​ដែល​មិន​ព្រម​លី​បង្គោល​ទារុណកម្ម​របស់​ខ្លួន​មក​តាម​ខ្ញុំ អ្នក​នោះ​មិន​សម​នឹង​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ​ទេ​»។ (​ម៉ាថ. ១០:៣៨​) និយាយ​ឲ្យ​ស្រួល​យល់ គ្រិស្ត​សាសនិក​ចាត់​ទុក​ថា​ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ​ជា​ការ​រង​ទុក្ខ​មួយ​ដែល​ពួក​អ្នក​កាន់​តាម​គ្រិស្ត​សុខ​ចិត្ត​ទទួល។ នៅ​ពេល​ដំណាល​គ្នា ពួក​គេ​សង្ឃឹម​ថា​ការ​ប្រព្រឹត្ត​ល្អ​របស់​ពួក​គេ នឹង​ជំរុញ​ចិត្ត​សមាជិក​ក្រុម​គ្រួសារ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ឲ្យ​ផ្លាស់​ប្ដូរ​គំនិត​និង​ចង់​រៀន​ដំណឹង​ពី​គម្ពីរ។—១ពេ. ៣:១, ២