លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ថ្លៃ​បណ្ដាការ​ក៏​អាច​រួម​បញ្ចូល​សត្វ

តើលោកអ្នកដឹងឬទេ?

តើលោកអ្នកដឹងឬទេ?

ហេតុ​អ្វី​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ ជូន​ថ្លៃ​បណ្ដាការ?

នៅ​សម័យ​គម្ពីរ កូន​កំលោះ​ឬ​ក្រុម​គ្រួសារ​គាត់​ជូន​ថ្លៃ​បណ្ដាការ​ដល់​ក្រុម​គ្រួសារ​កូន​ក្រមុំ ពេល​ដែល​ក្រុម​គ្រួសារ​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​រៀប​ការ។ ថ្លៃ​បណ្ដាការ​ប្រហែល​ជា​រួម​មាន​វត្ថុ​មាន​តម្លៃ សត្វ ឬ​លុយ។ ជួន​កាល ថ្លៃ​បណ្ដាការ​បាន​ត្រូវ​បង់​ជា​កម្លាំង​ពលកម្ម ដូច​ជា​ក្នុង​ករណី​របស់​យ៉ាកុប​ដែល​ព្រម​ធ្វើ​ការ​ឲ្យ​ឪពុក​របស់​រ៉ាជែល​អស់​៧​ឆ្នាំ ដើម្បី​ដោះ​ដូរ​ជា​ការ​រៀប​ការ​ជា​មួយ​នាង។ (​ដក. ២៩:១៧, ១៨, ២០​) តើ​អ្វី​ជា​គោល​បំណង​នៃ​ទំនៀម​ទម្លាប់​នេះ?

បណ្ឌិត​ម្នាក់​ខាង​គម្ពីរ​ឈ្មោះ​ខារ៉ិល ម៉ាយយើ​និយាយ​ថា​៖ ​«​ថ្លៃ​បណ្ដាការ​អាច​ជួយ​សង​ដល់​ក្រុម​គ្រួសារ​ខាង​ស្រី​ចំពោះ​ការ​បាត់​បង់​ពលកម្ម​របស់​កូន​ស្រី។ ជា​ពិសេស​នេះ​គឺ​សំខាន់​សម្រាប់​ក្រុម​គ្រួសារ​[​កសិករ​]​»។ ថ្លៃ​បណ្ដាការ​អាច​ជួយ​ឲ្យ​ក្រុម​គ្រួសារ​ទាំង​សង​ខាង​មាន​ចំណង​មិត្តភាព​កាន់​តែ​ជិត​ស្និទ្ធ​គ្នា។ ពួក​គេ​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ពេល​មាន​ការ​លំបាក។ បន្ថែម​ទៅ​ទៀត ថ្លៃ​បណ្ដាការ​ក៏​បង្ហាញ​ថា​ស្ត្រី​ម្នាក់​បាន​ភ្ជាប់​ពាក្យ​រួច​ហើយ ហើយ​ថា​នាង​នឹង​ទៅ​នៅ​ក្រោម​ការ​មើល​ថែ​និង​ការ​ការ​ពារ​របស់​ប្ដី មិន​មែន​ឪពុក​ទៀត​ទេ។

ការ​បង់​ថ្លៃ​បណ្ដាការ មិន​មែន​មាន​ន័យ​ថា​ប្រពន្ធ​គឺ​ជា​វត្ថុ​មួយ​ដែល​គេ​អាច​ទិញ​ឬ​លក់​ទេ។ សៀវភៅ​មួយ​ចែង​ថា​៖ ​«​តម្រូវ​ការ​នេះ​ដែល​ឲ្យ​បង់​លុយ​ឬ​អ្វី​ផ្សេង​ទៀត​ដែល​មាន​តម្លៃ​ស្មើ​លុយ​ដែល​គេ​កំណត់ ដល់​ក្រុម​គ្រួសារ​កូន​ក្រមុំ ច្បាស់​ជា​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​របស់​ជន​ជាតិ​អ៊ីស្រាអែល​មើល​ទៅ​ដូច​ជា​ទំនិញ។ ប៉ុន្តែ តាម​មើល​ទៅ​គេ​ចាត់​ទុក​[​ថ្លៃ​បណ្ដាការ​]​ជា​សំណង​ដល់​ក្រុម​គ្រួសារ​នាង មិន​មែន​ថ្លៃ​ទិញ​ស្ត្រី​នោះ​ទេ​»។ (​Ancient Israel—Its Life and Institutions​)

សព្វ​ថ្ងៃ​នេះ នៅ​ប្រទេស​ខ្លះ​មនុស្ស​នៅ​តែ​បន្ត​ធ្វើ​តាម​ទំនៀម​ទម្លាប់​ជូន​ថ្លៃ​បណ្ដាការ។ ពេល​ឪពុក​ម្ដាយ​ដែល​ជា​គ្រិស្ត​សាសនិក​សុំ​ថ្លៃ​បណ្ដាការ ពួក​គេ​ឲ្យ​‹មនុស្ស​ទាំង​អស់​ឃើញ​ថា​ពួក​គេ​ជា​មនុស្ស​សម​ហេតុ​សម​ផល› ដោយ​មិន​ទាម​ទារ​ច្រើន​ពេក​ឡើយ។ (​ភី. ៤:៥; ១កូ. ១០:៣២, ៣៣​) យ៉ាង​នេះ ពួក​គេ​បង្ហាញ​ថា​ពួក​គេ​មិន​មែន​ជា​មនុស្ស​«​ស្រឡាញ់​ប្រាក់​»​ ឬ​លោភ​លន់​ទេ។ (​២ធី. ៣:២​) លើស​ពី​នេះ​ទៀត ពេល​ឪពុក​ម្ដាយ​ដែល​ជា​គ្រិស្ត​សាសនិក​មិន​សុំ​ថ្លៃ​បណ្ដាការ​ច្រើន​ពេក នោះ​ជួយ​អនាគត​កូន​ប្រសា​ប្រុស​មិន​បង្ខំ​ចិត្ត​រង់​ចាំ​រៀប​ការ​រហូត​ដល់​គាត់​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​បង់​ថ្លៃ​បណ្ដាការ​ដ៏​ច្រើន​នោះ។ មួយ​វិញ​ទៀត អនាគត​កូន​ប្រសា​នោះ​ក៏​មិន​ចាំ​បាច់​ឈប់​កិច្ច​បម្រើ​របស់​គាត់​ជា​អ្នក​ត្រួស​ត្រាយ ដោយ​សារ​គាត់​ត្រូវ​ធ្វើ​ការ​ពេញ​ពេល​ដើម្បី​រក​លុយ​បង់​ថ្លៃ​បណ្ដាការ​ដ៏​ច្រើន​ក្រៃ​លែង​នោះ​ដែរ។

ប្រទេស​ខ្លះ​មាន​ច្បាប់​ផ្សេង​ៗ​ស្ដី​អំពី​ថ្លៃ​បណ្ដាការ។ ក្នុង​ករណី​នោះ ឪពុក​ម្ដាយ​ដែល​ជា​គ្រិស្ត​សាសនិក​ធ្វើ​តាម​ច្បាប់​ទាំង​នោះ។ ហេតុ​អ្វី? ពីព្រោះ​បណ្ដាំ​របស់​ព្រះ​តម្រូវ​ឲ្យ​គ្រិស្ត​សាសនិក​«​ចុះ​ចូល​នឹង​ពួក​អាជ្ញាធរ​»​ ហើយ​ធ្វើ​តាម​ច្បាប់​ដែល​មិន​ប្រឆាំង​នឹង​ច្បាប់​របស់​ព្រះ។—រ៉ូម ១៣:១; សកម្ម. ៥:២៩