លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការ​ប្រដៅ​គឺ​ប្រៀប​ដូច​ជា​ចង្កូត​ដែល​តម្រង់​ឲ្យ​ទៅ​ទិស​ដៅ​ត្រឹម​ត្រូវ

សម្រាប់​ឪពុក​ម្ដាយ

៦ ការប្រដៅ

៦ ការប្រដៅ

តើ​មាន​ន័យ​យ៉ាង​ណា?

ពាក្យ​ប្រដៅ​អាច​មាន​ន័យ​ថា​ណែនាំ ឬ​បង្រៀន។ ជួន​កាល ការ​ប្រដៅ​រួម​បញ្ចូល​ការ​កែ​តម្រង់​ពេល​កូន​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ។ ទោះ​ជា​យ៉ាង​ណា ការ​ប្រដៅ​ច្រើន​តែ​រួម​បញ្ចូល​ការ​បង្ហាត់​បង្រៀន​អំពី​អ្វី​ល្អ​អ្វី​អាក្រក់​ដែល​ជួយ​កូន​ឲ្យ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​តាំង​ពី​ដំបូង។

ហេតុ​អ្វី​សំខាន់?

ក្នុង​អំឡុង​ប៉ុន្មាន​សតវត្សរ៍​កន្លង​ទៅ​នេះ គ្រួសារ​ខ្លះ​ស្ទើរ​តែ​លែង​ទូន្មាន​ប្រដៅ​កូន​ចៅ​តែ​ម្ដង ដោយ​សារ​ឪពុក​ម្ដាយ​ខ្លាច​ថា​ការ​ប្រដៅ​តម្រង់​អាច​ធ្វើ​ឲ្យ​កូន​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ ក៏​ប៉ុន្តែ ឪពុក​ម្ដាយ​ដែល​ឈ្លាស​វៃ​ចេះ​ដាក់​ច្បាប់​សម​ហេតុ​ផល​ក្នុង​គ្រួសារ ហើយ​បង្ហាត់​បង្រៀន​កូន​របស់​ពួក​គាត់​ឲ្យ​ធ្វើ​តាម​ច្បាប់​ទាំង​នោះ។

ស្ត្រី​ម្នាក់​ឈ្មោះ​ផាម៉ាឡា​និយាយ​ថា​៖ ​«​កូន​ត្រូវ​ការ​ការ​ប្រាប់​អំពី​អ្វី​ដែល​ពួក​គេ​គួរ​ធ្វើ​និង​មិន​គួរ​ធ្វើ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ធំ​ឡើង​ទៅ​ជា​មនុស្ស​ដែល​មាន​គុណ​សម្បត្តិ​សព្វ​គ្រប់។ បើ​គ្មាន​ការ​ប្រដៅ កូន​គឺ​ប្រៀប​ដូច​ជា​កប៉ាល់​ដែល​គ្មាន​ចង្កូត ទី​បំផុត​នឹង​រសាត់ ឬ​ក៏​ក្រឡាប់​ទៀត​ផង​»។

អ្វី​ដែល​អ្នក​អាច​ធ្វើ

កុំ​បណ្ដោយ​កូន។ បើ​កូន​របស់​អ្នក​មិន​ធ្វើ​តាម​ច្បាប់​ក្នុង​គ្រួសារ សូម​ឲ្យ​ពួក​គេ​ដឹង​ថា​នឹង​ត្រូវ​ទទួល​ទោស។ ម្យ៉ាង​ទៀត សូម​សរសើរ​កូន​ជា​និច្ច​ពេល​ពួក​គេ​ខំ​ធ្វើ​តាម។

ស្ត្រី​ម្នាក់​ឈ្មោះ​គ្រីស្ទីន​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​ច្រើន​តែ​សរសើរ​កូន​ពេល​ពួក​គេ​ចេះ​ស្ដាប់​បង្គាប់ ព្រោះ​កូន​ភាគ​ច្រើន​ក្នុង​ពិភព​លោក​មិន​សូវ​ស្ដាប់​បង្គាប់​ទេ។ ការ​ពោល​ពាក្យ​សរសើរ​អាច​ធ្វើ​ឲ្យ​កូន​កាន់​តែ​ស្រួល​ទទួល​យក​ការ​ប្រដៅ​»។

គោល​ការណ៍​គម្ពីរ​៖«​មនុស្ស​ទទួល​ផល​តាម​តែ​អ្វី​ដែល​គេ​សាប​ព្រោះ​»។—កាឡាទី ៦:៧

ភាព​សម​ហេតុ​ផល។ ពេល​ប្រដៅ សូម​គិត​អំពី​អាយុ និង​សមត្ថភាព​របស់​កូន ហើយ​មើល​ថា​កំហុស​នោះ​ធ្ងន់​ធ្ងរ​ប៉ុណ្ណា។ ពេល​ពួក​គេ​ធ្វើ​ខុស ពួក​គេ​ត្រូវ​តែ​ទទួល​ទោស។ ជា​ឧទាហរណ៍ បើ​ពួក​គេ​មិន​ធ្វើ​តាម​ច្បាប់​របស់​អ្នក​ស្ដី​អំពី​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ ទោស​គឺ​ដក​ហូត​ទូរស័ព្ទ​មួយ​រយៈ​ពេល។ ដំណាល​គ្នា សូម​ជៀស​វាង​ពី​ការ​ទើស​ចិត្ត​នឹង​រឿង​តូច​តាច​ដែល​គ្រាន់​តែ​ជា​ការ​មិន​ចូល​ចិត្ត​របស់​អ្នក។

បុរស​ម្នាក់​ឈ្មោះ​វេន​ដឺ​ល​ប្រាប់​ថា​៖ ​«​ខ្ញុំ​ព្យាយាម​ស្វែង​យល់​ថា​តើ​កូន​ខ្ញុំ​មិន​ស្ដាប់​បង្គាប់​ដោយ​ចេតនា ឬ​ដោយ​សារ​គាត់​មិន​បាន​គិត​វែង​ឆ្ងាយ។ គឺ​ខុស​គ្នា​រវាង​ការ​ធ្វើ​ខុស​ព្រោះ​ចំណុច​ខ្សោយ​របស់​ខ្លួន​និង​ការ​ធ្វើ​ខុស​ដែល​ត្រូវ​តែ​ដាក់​ទោស​»។

គោល​ការណ៍​គម្ពីរ​៖«​កុំ​ធ្វើ​ឲ្យ​កូន​ខឹង ព្រោះ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​កូន​ធ្លាក់​ទឹក​ចិត្ត​»។—កូឡុស ៣:២១

ក្ដី​ស្រឡាញ់។ កូន​ស្រួល​ទទួល​និង​ធ្វើ​តាម​ការ​ប្រដៅ​ជាង ពេល​ពួក​គេ​ដឹង​ថា​ឪពុក​ម្ដាយ​ធ្វើ​ដូច្នេះ​គឺ​ដោយ​សារ​ស្រឡាញ់​ពួក​គេ។

បុរស​ម្នាក់​ឈ្មោះ​ដានីយ៉ែល​និយាយ​ថា​៖ ​«​ពេល​កូន​យើង​ធ្វើ​ខុស យើង​ពង្រឹង​ទំនុក​ចិត្ត​គាត់​ថា​យើង​មាន​មោទនភាព​ចំពោះ​ការ​សម្រេច​ចិត្ត​ល្អ​ៗ​ដែល​គាត់​ធ្លាប់​ធ្វើ​កន្លង​មក។ យើង​ពន្យល់​ថា​ការ​ធ្វើ​ខុស​មិន​មែន​បង្ខូច​កេរ្ដិ៍​ឈ្មោះ​គាត់​ទេ ដរាប​ណា​ធ្វើ​ខុស ហើយ​ចេះ​កែ។ យើង​ក៏​ថា​យើង​តែង​តែ​ចាំ​ជួយ​គាត់​ជា​និច្ច​»។

គោល​ការណ៍​គម្ពីរ​៖«​សេចក្ដី​ស្រឡាញ់​មាន​ចិត្ត​អត់​ធ្មត់ ហើយ​សប្បុរស​»។—កូរិនថូស​ទី១ ១៣:៤