លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំនួយ​សម្រាប់​អ្នក​ដែល​កើត​ទុក្ខ

ជំនួយដ៏ល្អបំផុតសម្រាប់អ្នកដែលមានទុក្ខសោក

ជំនួយដ៏ល្អបំផុតសម្រាប់អ្នកដែលមានទុក្ខសោក

នៅ​ពេល​ថ្មី​ៗ​នេះ មនុស្ស​ជា​ច្រើន​សិក្សា​ស្រាវ​ជ្រាវ​អំពី​ការ​ឈឺ​ចាប់​ដោយ​សារ​មនុស្ស​ជា​ទី​ស្រឡាញ់​បាន​ស្លាប់។ ប៉ុន្តែ ដូច​អ្វី​ដែល​បាន​រៀប​រាប់​នៅ​អត្ថបទ​មុន អ្នក​ជំនាញ​ដ៏​ល្អ​បំផុត​ច្រើន​តែ​ឲ្យ​យោបល់​ស្រប​តាម​គម្ពីរ​ដែល​ជា​សៀវភៅ​ល្អ​ពី​បុរាណ។ នេះ​បញ្ជាក់​ថា​យោបល់​ឬ​ការ​ណែនាំ​ក្នុង​គម្ពីរ​នៅ​តែ​មាន​ប្រយោជន៍។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គម្ពីរ​មាន​យោបល់​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ជាង។ គម្ពីរ​ផ្ដល់​ព័ត៌មាន​ដែល​មិន​អាច​រក​នៅ​កន្លែង​ផ្សេង​បាន។ ព័ត៌មាន​នេះ​អាច​ជួយ​សម្រាល​ទុក្ខ​យ៉ាង​ខ្លាំង​ដល់​អ្នក​ដែល​មាន​ទុក្ខ​សោក។

  • ការ​ធានា​ថា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ស្លាប់​គឺ​មិន​រង​ទុក្ខ​ទេ

    ក្នុង​គម្ពីរ នៅ​អ្នក​ទូន្មាន ៩:៥ ចែង​ថា​៖ ​«​មនុស្ស​ស្លាប់​មិន​ដឹង​អ្វី​ទាល់​តែ​សោះ​»។ គម្ពីរ​ក៏​ចែង​ដែរ​ថា​៖ ​«​ការ​គិត​គូរ​របស់​គេ​ក៏​រលាយ​សាប​សូន្យ​ទៅ​»។ (​ចម្រៀង​សរសើរ​ព្រះ ១៤៦:៤​) ស្ដី​អំពី​រឿង​នេះ គម្ពីរ​ប្រៀប​ប្រដូច​សេចក្ដី​ស្លាប់​ទៅ​នឹង​ការ​ដេក​លក់​ស៊ប់។—យ៉ូហាន ១១:១១

  • ការ​មាន​ជំនឿ​រឹង​មាំ​ទៅ​លើ​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ផ្ដល់​នូវ​ការ​សម្រាល​ទុក្ខ

    ក្នុង​គម្ពីរ នៅ​ចម្រៀង​សរសើរ​ព្រះ ៣៤:១៥ ចែង​ថា​៖ ​«​ភ្នែក​របស់​ព្រះ​យេហូវ៉ា *គន់​មើល​មនុស្ស​សុចរិត ត្រចៀក​របស់​លោក​ស្ដាប់ ពេល​ពួក​គេ​ស្រែក​សុំ​លោក​ឲ្យ​ជួយ​»។ កាល​ដែល​យើង​ប្រាប់​អារម្មណ៍​របស់​យើង​ទៅ​ព្រះ នោះ​អាច​ជួយ​យើង​ឲ្យ​ធូរ​ចិត្ត​និង​គ្រប់​គ្រង​គំនិត​របស់​ខ្លួន។ តែ​អ្វី​ដែល​សំខាន់​បំផុត ការ​អធិដ្ឋាន​ជួយ​យើង​ឲ្យ​បង្កើត​ចំណង​មិត្តភាព​ផ្ទាល់​ជា​មួយ​ព្រះ​ដែល​ជា​អ្នក​បង្កើត​យើង ដែល​អាច​ប្រើ​ឫទ្ធានុភាព​របស់​លោក​ដើម្បី​សម្រាល​ទុក្ខ​យើង។

  • ការ​ទន្ទឹង​រង់​ចាំ​អនាគត​ដ៏​ត្រចះ​ត្រចង់

    សូម​ស្រមៃ​គិត​អំពី​គ្រា​មួយ​នៅ​ថ្ងៃ​អនាគត​ពេល​ដែល​អស់​អ្នក​ដែល​នៅ​ក្នុង​ផ្នូរ​នឹង​រស់​ឡើង​វិញ​នៅ​លើ​ផែនដី​នេះ! គម្ពីរ​ចែង​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​គ្រា​នោះ។ ស្ដី​អំពី​ស្ថានភាព​នៅ​ផែនដី​នឹង​ទៅ​ជា​យ៉ាង​ណា គម្ពីរ​ចែង​ថា​ព្រះ​«​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួក​គេ ហើយ​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត ទុក្ខ​ព្រួយ ការ​ស្រែក​យំ និង​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ​»។—ការ​បើក​បង្ហាញ ២១:៣, ៤

មនុស្ស​ជា​ច្រើន​ដែល​ជឿ​ទៅ​លើ​ព្រះ​យេហូវ៉ា​តាម​រយៈ​គម្ពីរ ទទួល​កម្លាំង​ចិត្ត​ជា​ខ្លាំង​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​សោក ដោយ​សារ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម។ សេចក្ដី​សង្ឃឹម​នោះ​គឺ​ពួក​គេ​នឹង​ជួប​មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​បាន​ស្លាប់​ម្ដង​ទៀត។ ជា​ឧទាហរណ៍ ស្ត្រី​ម្នាក់​ឈ្មោះ​អាន​ដែល​បាន​បាត់​បង់​ប្ដី​របស់​គាត់ ហើយ​បាន​រៀប​ការ​ជា​មួយ​គ្នា​អស់​៦៥​ឆ្នាំ​និយាយ​ថា​៖ ​«​គម្ពីរ​ពង្រឹង​ទំនុក​ចិត្ត​ខ្ញុំ​ថា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ស្លាប់​មិន​រង​ទុក្ខ​ទេ ហើយ​ថា​ព្រះ​នឹង​ប្រោស​អស់​អ្នក​ដែល​នៅ​ក្នុង​ការ​នឹក​ចាំ​របស់​លោក​ឲ្យ​រស់​ឡើង​វិញ។ រាល់​ពេល​ខ្ញុំ​គិត​អំពី​ការ​បាត់​បង់​ប្ដី ខ្ញុំ​នឹក​ឃើញ​អ្វី​ទាំង​នេះ ហើយ​ជា​លទ្ធផល​ខ្ញុំ​ពិត​ជា​អាច​ស៊ូ​ទ្រាំ​ចំពោះ​រឿង​ដ៏​អាក្រក់​បំផុត​ដែល​កើត​ឡើង​មក​លើ​ខ្ញុំ!​»។

ធីណា​ដែល​ត្រូវ​បាន​រៀប​រាប់​នៅ​អត្ថបទ​មុន​និយាយ​ថា​៖ ​«​តាំង​ពី​ថ្ងៃ​ដែល​ទីម៉ូ​បាន​ស្លាប់ ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​ជួយ​ថែ​រក្សា​ខ្ញុំ។ ខ្ញុំ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា​ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ​ក្នុង​គ្រា​ដ៏​ពិបាក។ សេចក្ដី​សន្យា​ក្នុង​គម្ពីរ​ស្ដី​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​គឺ​ពិត​ប្រាកដ​សម្រាប់​ខ្ញុំ។ សេចក្ដី​សន្យា​នេះ​ពង្រឹង​ទំនុក​ចិត្ត​ខ្ញុំ​ឲ្យ​បន្ត​ស៊ូ​ទ្រាំ​រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ជួប​ទីម៉ូ​ម្ដង​ទៀត​»។

ទស្សនៈ​ទាំង​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​ទស្សនៈ​របស់​មនុស្ស​រាប់​លាន​នាក់​ឯ​ទៀត​ដែល​ជឿ​ជាក់​ថា​គម្ពីរ​គឺ​គួរ​ឲ្យ​ទុក​ចិត្ត។ ទោះ​ជា​អ្នក​មាន​អារម្មណ៍​ថា​ការ​អះអាង​ពី​គម្ពីរ​គឺ​មិន​ពិត ឬ​គ្រាន់​តែ​ជា​ការ​ស្រមើ​ស្រមៃ​ក៏​ដោយ អ្នក​គួរ​តែ​ពិនិត្យ​មើល​ដោយ​ខ្លួន​ឯង​អំពី​ទី​សំអាង​ដែល​បញ្ជាក់​ថា​យោបល់​និង​សេចក្ដី​សន្យា​ក្នុង​គម្ពីរ​គឺ​សម​ហេតុ​ផល។ យ៉ាង​នេះ អ្នក​អាច​ឃើញ​ថា​គម្ពីរ​គឺ​ជា​ជំនួយ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មាន​ទុក្ខ​សោក។

សូម​រៀន​ថែម​ទៀត​អំពី​សេចក្ដី​សង្ឃឹម​សម្រាប់​មនុស្ស​ដែល​បាន​ស្លាប់

សូម​ទស្សនា​វីដេអូ​ដែល​ទាក់​ទង​អំពី​រឿង​នេះ​នៅ​គេហទំព័រ​jw.org/km

គម្ពីរ​សន្យា​ថា​នៅ​ថ្ងៃ​អនាគត យើង​នឹង​ទទួល​ស្វាគមន៍​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ

តើ​មនុស្ស​ស្លាប់​មាន​ស្ថានភាព​បែប​ណា?

តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​យើង​ពេល​យើង​ស្លាប់? គម្ពីរ​ផ្ដល់​ចម្លើយ​យ៉ាង​ច្បាស់​ដែល​ជួយ​សម្រាល​ទុក្ខ ហើយ​ពង្រឹង​ទំនុក​ចិត្ត

សូម​ចុច​«​បណ្ណាល័យ​»​▸​«​វីដេអូ»​ (​ចុច​វីដេអូ: ​«​គម្ពីរ​»​▸​«​សេចក្ដី​បង្រៀន​ពី​គម្ពីរ​»​)

តើ​លោក​អ្នក​ចង់​ដឹង​អំពី​ដំណឹង​ល្អ​ឬ​ទេ?

មាន​ដំណឹង​អាក្រក់​ជា​ច្រើន ដូច្នេះ​តើ​លោក​អ្នក​អាច​ស្វែង​រក​ដំណឹង​ល្អ​នៅ​ឯ​ណា?

សូម​ចុច​«​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​»​▸​«​សេចក្ដី​សុខ​និង​សុភមង្គល»

^ វគ្គ 7 យេហូវ៉ា​គឺ​ជា​នាម​ផ្ទាល់​របស់​ព្រះ​ដែល​មាន​ក្នុង​គម្ពីរ។