លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ដ នៅទ្វីបអាហ្វ្រិកប៉ែកខាងលិច

ពួកគេបានលះបង់ប្រយោជន៍ខ្លួនដោយស្ម័គ្រចិត្ដ នៅទ្វីបអាហ្វ្រិកប៉ែកខាងលិច

កាលដែលបងប៉ាស្កាល់ធំឡើងក្នុងតំបន់ក្រីក្រនាប្រទេសកូដឺវ័រ នោះគាត់ពិតជាចង់បានជីវិតដែលប្រសើរជាង។ ក្នុងនាមជាអ្នកប្រដាល់ម្នាក់ គាត់បានឆ្ងល់ថា ‹តើនៅកន្លែងណាខ្ញុំអាចមានឱកាសក្លាយជាកីឡាករដ៏ល្បីឈ្មោះ ហើយក្លាយជាអ្នកមាន?›។ ពេលដែលគាត់មានអាយុប្រហែលជា២៥ឆ្នាំ គាត់បានសន្និដ្ឋានថាកន្លែងនោះគឺនៅទ្វីបអឺរ៉ុប។ ប៉ុន្ដែដោយសារគាត់គ្មានឯកសារធ្វើដំណើរ នោះគាត់ត្រូវតែឆ្លងដែនខុសច្បាប់ទៅទ្វីបអឺរ៉ុប។

នៅឆ្នាំ១៩៩៨ ពេលដែលបងប៉ាស្កាល់មានអាយុ២៧ឆ្នាំ គាត់បានចាប់ផ្ដើមធ្វើដំណើរ។ គាត់បានឆ្លងដែនចូលប្រទេសហ្គាណា រួចធ្វើដំណើរតាមប្រទេសតូហ្គោ ហើយឆ្លងប្រទេសបេនីន នៅទីបំផុតគាត់បានទៅដល់ទីក្រុងប៊ីនីនកូណេ នាប្រទេសនីហ្សេ។ ឥឡូវនេះការធ្វើដំណើររបស់គាត់ចាប់ផ្ដើមមានគ្រោះថ្នាក់។ ដើម្បីធ្វើដំណើរទៅទិសខាងជើង គាត់ត្រូវជិះឡានដឹកទំនិញមួយ ហើយឆ្លងវាលខ្សាច់សាហារ៉ា។ បន្ទាប់មក ពេលគាត់ទៅដល់សមុទ្រមេឌីទែរ៉ានេ គាត់ត្រូវជិះទូកមួយដើម្បីទៅទ្វីបអឺរ៉ុប។ ទាំងនេះជាគម្រោងរបស់គាត់ ប៉ុន្ដែមានអ្វីពីរយ៉ាងបានកើតឡើងនៅនីហ្សេដែលបានបញ្ឈប់ការធ្វើដំណើររបស់គាត់។

ទី១ គាត់អស់លុយ។ ទីគាត់បានជួបបងណូអេដែលជាអ្នកត្រួសត្រាយម្នាក់ ដែលបានចាប់ផ្ដើមសិក្សាគម្ពីរជាមួយគាត់។ អ្វីដែលគាត់បានរៀនបានមានឥទ្ធិពលយ៉ាងខ្លាំងលើជីវិតរបស់គាត់ ហើយបានផ្លាស់ប្ដូរទស្សនៈរបស់គាត់ចំពោះជីវិត។ គោលដៅរបស់គាត់ក្នុងការស្វែងរកទ្រព្យសម្បត្ដិ បានផ្លាស់ប្ដូរទៅជាការចាត់ទុកការគោរពប្រណិប័តន៍ព្រះជាអ្វីដែលសំខាន់បំផុតក្នុងជីវិត។ នៅខែធ្នូ ឆ្នាំ១៩៩៩ បងប៉ាស្កាល់បានទទួលការជ្រមុជទឹក។ ដើម្បីបង្ហាញការដឹងគុណចំពោះព្រះយេហូវ៉ា នៅឆ្នាំ២០០១គាត់បានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយនៅប្រទេសនីហ្សេ នៅក្រុងដែលគាត់បានរៀនសេចក្ដីពិត។ តើគាត់មានអារម្មណ៍យ៉ាងណាចំពោះកិច្ចបម្រើរបស់គាត់? គាត់បានលាន់មាត់ថា«ខ្ញុំកំពុងទទួលប្រយោជន៍ច្រើនបំផុតក្នុងជីវិតរបស់ខ្ញុំ!»។

ពួកគេទទួលប្រយោជន៍ច្រើនជាងក្នុងជីវិត នៅទ្វីបអាហ្វ្រិក

បងអាណារ៉ាគឺល

ដូចបងប៉ាស្កាល់ បងប្អូនជាច្រើននាក់បានឃើញថាពួកគាត់មានជីវិតដែលស្កប់ចិត្ដជាង ដោយសារពួកគាត់ផ្ដោតអារម្មណ៍ទៅលើគោលដៅក្នុងកិច្ចបម្រើព្រះ។ ដើម្បីអាចសម្រេចគោលដៅបែបនេះ បងប្អូនខ្លះបានចាកចេញពីទ្វីបអឺរ៉ុប ទៅទ្វីបអាហ្វ្រិកដើម្បីបម្រើនៅតំបន់ដែលត្រូវការអ្នកផ្សព្វផ្សាយច្រើនជាង។ តាមការពិត សាក្សីព្រះយេហូវ៉ាប្រហែលជា៦៥នាក់ពីទ្វីបអឺរ៉ុប ដែលមានអាយុចាប់ពី១៧ទៅ៧០ឆ្នាំ បានរើទៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាងនៅប្រទេសផ្សេងនៅទ្វីបអាហ្វ្រិកប៉ែកខាងលិចដូចជាប្រទេសបេនីន, ប៊ូគីណា ហ្វាសូ, នីហ្សេ, និងតូហ្គោ។ * តើអ្វីបានជំរុញពួកគាត់ឲ្យធ្វើការផ្លាស់ប្ដូរដ៏ធំនេះ ហើយតើពួកគាត់បានទទួលលទ្ធផលអ្វី?

បងអាណារ៉ាគឺលដែលមកពីប្រទេសដាណឺម៉ាក និយាយថា«ឪពុកម្ដាយរបស់ខ្ញុំធ្លាប់បម្រើជាសាសនទូតនៅប្រទេសសេនេហ្គាល់។ ពួកគាត់តែងតែនិយាយដោយរំភើបចិត្ដយ៉ាងខ្លាំងអំពីជីវិតជាសាសនទូត នេះបានធ្វើឲ្យខ្ញុំចង់មានជីវិតបែបនោះដែរ»។ ប្រហែលជា១៥ឆ្នាំមុន នៅពេលដែលបងអាណារ៉ាគឺលមានអាយុជាង២០ឆ្នាំ គាត់បានរើទៅប្រទេសតូហ្គោ នៅទីនោះគាត់បម្រើនៅក្រុមជំនុំភាសាសញ្ញា។ តើ ការដែលគាត់រើទៅទីនោះបានលើកទឹកចិត្ដអ្នកទៀតយ៉ាងដូចម្ដេច? គាត់និយាយថា«ក្រោយមកប្អូនស្រីនិងប្អូនប្រុសរបស់ខ្ញុំបានទៅប្រទេសតូហ្គោដែរ»។

បងអាល់បែរហ្វេយេតនិងបងអូរេល

បងប្រុសម្នាក់ដែលបានរៀបការហើយ វ័យ៧០ឆ្នាំមកពីប្រទេសបារាំងឈ្មោះអូរេល និយាយថា«ប្រាំឆ្នាំមុន ពេលដែលខ្ញុំបានចូលនិវត្ដន៍ ខ្ញុំមានជម្រើសមួយគឺ រស់នៅដោយស្ងៀមស្ងាត់នៅប្រទេសបារាំង ហើយរង់ចាំសួនឧទ្យាន ឬចាត់វិធានការដើម្បីបង្កើនសកម្មភាពក្នុងកិច្ចបម្រើផ្សាយរបស់ខ្ញុំ»។ បងអូរេលបានចាត់វិធានការដើម្បីបង្កើនសកម្មភាពក្នុងកិច្ចបម្រើផ្សាយ។ ប្រហែលជាបីឆ្នាំមុន គាត់និងប្រពន្ធរបស់គាត់ឈ្មោះអាល់បែរហ្វេយេតបានរើទៅប្រទេសបេនីន។ បងអូរេលនិយាយថា«ការចាត់វិធានការផ្សេងដើម្បីឲ្យយើងអាចបម្រើព្រះយេហូវ៉ានៅទីនេះគឺជាអ្វីដ៏ល្អបំផុតដែលយើងបានធ្វើ»។ គាត់បាននិយាយទាំងញញឹមថា«នៅទីបំផុត តំបន់ផ្សាយខ្លះរបស់យើងតាមឆ្នេរសមុទ្ររំលឹកខ្ញុំអំពីសួនឧទ្យាន»។

បងក្លូដូមៀនិងប្រពន្ធរបស់គាត់ឈ្មោះលីស៊ីយ៉ានបានរើពីប្រទេសបារាំងទៅប្រទេសបេនីនកាលពី១៦ឆ្នាំមុន។ មុនដំបូងពួកគាត់នឹកក្រុមគ្រួសារនិងមិត្ដភក្ដិរបស់ពួកគាត់នៅប្រទេសបារាំងខ្លាំងណាស់ ហើយពួកគាត់បារម្ភថាពួកគាត់មិនអាចសម្របខ្លួនតាមជីវភាពថ្មីរបស់ពួកគាត់បានទេ។ ប៉ុន្ដែគ្មានមូលហេតុឲ្យពួកគាត់ព្រួយបារម្ភដូច្នេះឡើយ។ ពួកគាត់បានទទួលអំណរជាច្រើន។ បងក្លូដូមៀនិយាយថា«ក្នុងរយៈពេល១៦ឆ្នាំនេះ ជាមធ្យមយើងមានឯកសិទ្ធិជួយមនុស្សម្នាក់ក្នុងមួយឆ្នាំឲ្យទទួលសេចក្ដីពិត»។

បងលីស៊ីយ៉ាននិងបងក្លូដូមៀនិងបងប្អូនខ្លះដែលពួកគាត់បានជួយឲ្យរៀនសេចក្ដីពិត

បងហ្សូអាណានិងបងសេបាស្យៀង

ប្ដីប្រពន្ធមួយគូឈ្មោះសេបាស្យៀងនិងហ្សូអាណាដែលមកពីប្រទេសបារាំង បានរើទៅប្រទេសបេនីន នៅឆ្នាំ២០១០។ បងសេបាស្យៀងនិយាយថា«ក្នុងក្រុមជំនុំមានកិច្ចការជាច្រើនដែលយើងត្រូវធ្វើ។ ការបម្រើនៅទីនេះគឺហាក់ដូចជាខ្ញុំបានទទួលការបង្ហាត់បង្រៀននៅសាលាខាងកិច្ចបម្រើដែលមានរយៈពេលខ្លី!»។ តើគាត់បានទទួលលទ្ធផលយ៉ាងណាក្នុងកិច្ចបម្រើផ្សាយ? បងហ្សូអាណានិយាយថា«មនុស្សពិតជាចង់រៀនគម្ពីរ។ ទោះជាពេលយើងមិនទៅផ្សព្វផ្សាយក៏ដោយ មនុស្សមកជួបយើងនៅតាមផ្លូវ ដើម្បីសួរយើងនូវសំណួរក្នុងគម្ពីរ ហើយទទួលសៀវភៅរបស់យើង»។ តើការរើទៅកន្លែងនោះមានឥទ្ធិពលយ៉ាងណាលើចំណងអាពាហ៍ពិពាហ៍របស់ពួកគាត់? បងសេបាស្យៀងនិយាយថា«នេះបានពង្រឹងចំណងអាពាហ៍ពិពាហ៍របស់យើង។ ខ្ញុំសប្បាយចំណាយពេលពេញមួយថ្ងៃក្នុងកិច្ចផ្សព្វផ្សាយជាមួយប្រពន្ធរបស់ខ្ញុំ»។

បងអេរិកនិងប្រពន្ធរបស់គាត់ឈ្មោះខេធីបម្រើជាអ្នកត្រួសត្រាយនៅតំបន់ដែលមិនសូវមានមនុស្ស នាភាគខាងជើងប្រទេសបេនីន។ ប្រហែលជា១០ឆ្នាំមុន ពេលពួកគាត់រស់នៅប្រទេសបារាំង ពួកគាត់បានចាប់ផ្ដើមអានអត្ថបទមួយចំនួនអំពីការបម្រើនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង ហើយបាននិយាយជាមួយបងប្អូនដែលបម្រើពេញពេល។ នេះបានធ្វើឲ្យពួកគាត់ចង់រើទៅបម្រើនៅប្រទេសផ្សេង ហើយពួកគាត់បានធ្វើដូច្នេះមែននៅឆ្នាំ២០០៥។ ការរីកចម្រើនដែលពួកគាត់បានឃើញគឺពិតជាអស្ចារ្យ។ អេរិកនិយាយថា«ពីរឆ្នាំមុន ក្រុមរបស់យើងនៅក្រុងថានហ្គីអ៊ីតាមានអ្នកផ្សាយតែនាក់ទេ តែឥឡូវនេះមាន៣០នាក់។ នៅថ្ងៃអាទិត្យមានមនុស្សចូលរួមប្រជុំពី៥០ទៅ៨០នាក់។ ពេលឃើញការរីកចម្រើនបែបនេះធ្វើឲ្យយើងមានអំណររកអ្វីប្រៀបផ្ទឹមពុំបានឡើយ!»។

បងខេធីនិងបងអេរិក

 ចូរដឹងអំពីការពិបាក ហើយយកឈ្នះការពិបាកទាំងនោះ

បងបេនយ៉ាមីន

តើបងប្អូនដែលរើទៅបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាងជួបនឹងការពិបាកអ្វីខ្លះ? បងបេនយ៉ាមីនដែលមានអាយុ៣៣ឆ្នាំ គឺជាប្អូនប្រុសរបស់បងអាណារ៉ាគឺល។ នៅឆ្នាំ២០០០ នៅប្រទេសដាណឺម៉ាក គាត់បានជួបសាសនទូតម្នាក់ដែលបម្រើនៅប្រទេសតូហ្គោ។ បងបេនយ៉ាមីននឹកចាំថា«ពេលខ្ញុំបានប្រាប់សាសនទូតនោះថាខ្ញុំចង់ធ្វើជាអ្នកត្រួសត្រាយ គាត់បាននិយាយថា៖ ‹អ្នកអាចត្រួសត្រាយនៅប្រទេសតូហ្គោ›»។ បងបេនយ៉ាមីនបានគិតអំពីរឿងនេះ។ គាត់និយាយថា«នៅពេលនោះខ្ញុំមិនទាន់គ្រប់អាយុ២០ឆ្នាំនៅឡើយទេ ប៉ុន្ដែបងស្រីរបស់ខ្ញុំពីរនាក់បានបម្រើនៅប្រទេសតូហ្គោហើយ។ នេះធ្វើឲ្យខ្ញុំស្រួលទៅទីនោះជាង»។ ដូច្នេះគាត់បានរើទៅទីនោះ។ ប៉ុន្ដែមានការពិបាកមួយ។ បងបេនយ៉ាមីនពន្យល់ថា«ខ្ញុំមិនចេះភាសាបារាំងសូម្បីតែមួយម៉ាត់។ ប្រាំមួយខែដំបូងគឺពិបាកខ្លាំងណាស់សម្រាប់ខ្ញុំ ដោយសារខ្ញុំមិនអាចសន្ទនាជាមួយអ្នកទៀតបាន»។ ប៉ុន្ដែ ក្រោយមក គាត់បានរីកចម្រើន។ ឥឡូវនេះបងបេនយ៉ាមីនបម្រើនៅបេតអែលនៅប្រទេសបេនីន ជាអ្នកដឹកជញ្ជូនសៀវភៅ ហើយជួយខាងផ្នែកកុំព្យូទ័រ។

បងម៉ារីអាញែនិងបងមីសែល

បងអេរិកនិងបងខេធីដែលបានត្រូវរៀបរាប់ខាងលើ បានផ្សព្វផ្សាយដល់មនុស្សដែលនិយាយភាសាផ្សេងនៅប្រទេសបារាំង មុនពេលរើមកប្រទេសបេនីន។ តើនៅទ្វីបអាហ្វ្រិកប៉ែកខាងលិចខុសគ្នាយ៉ាងណាពីប្រទេសបារាំង? បងខេធីនិយាយថា«ពិបាករកឃើញកន្លែងសមរម្យដើម្បីរស់នៅ។ អស់ជាច្រើនខែយើងរស់នៅក្នុងផ្ទះមួយដែលគ្មានភ្លើងនិងទឹកម៉ាស៊ីន»។ បងអេរិកបន្ថែមថា«អ្នកជិតខាងចាក់ភ្លេងរហូតដល់យប់ជ្រៅ។ យើងត្រូវតែអត់ធ្មត់នឹងរឿងបែបនេះ ហើយព្យាយាមសម្របខ្លួននឹងជីវភាពបែបនេះ»។ ពួកគាត់ទាំងពីរនាក់យល់ស្របថា«អំណរដែលយើងមានដោយសារផ្សព្វផ្សាយនៅតំបន់ដែលស្ទើរតែគ្មានអ្នកណាធ្លាប់ផ្សព្វផ្សាយគឺខ្លាំងជាងការពិបាក»។

ប្ដីប្រពន្ធមួយគូឈ្មោះមីសែលនិងម៉ារីអាញែវ័យជិត៦០ឆ្នាំ ដែលមកពីប្រទេសបារាំង បានរើទៅនៅប្រទេសបេនីន ប្រហែលជាប្រាំឆ្នាំមុន។ មុនដំបូងពួកគាត់មានការព្រួយបារម្ភ។ បងមីសែលនិយាយថា«មនុស្សខ្លះប្រៀបធៀបការផ្លាស់ប្ដូរនេះទៅនឹងអ្នកដើរលើខ្សែពួរដែលរុញរទេះកង់មួយលើខ្សែពួរ ហើយយើងទាំងពីរនាក់ជាអ្នកជិះក្នុងរទេះនោះ! គឺគួរឲ្យភ័យខ្លាចប្រសិនបើអ្នកមិនដឹងថាអ្នកដែលរុញរទេះនោះគឺព្រះយេហូវ៉ា។ ដូច្នេះ យើងបានរើទៅទីនោះដើម្បីព្រះយេហូវ៉ា ហើយលោកជាអ្នកផ្ដល់ជំនួយដល់យើង»។

របៀបត្រៀមខ្លួន

បងប្អូនដែលបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង ដែលមានបទពិសោធន៍រៀបរាប់ថា របៀបដ៏សំខាន់ក្នុងការត្រៀមខ្លួន គឺការចាត់វិធានការទាំងនេះ: រៀបចំគម្រោងទុកជាមុន រៀនចេះសម្របខ្លួន កុំប្រើលុយលើសពីគម្រោងរបស់អ្នក ហើយពឹងផ្អែកលើព្រះយេហូវ៉ា។—លូក. ១៤:២៨-៣០

បងសេបាស្យៀងដែលបានរៀបរាប់ខាងលើ ប្រាប់ថា«មុនរើទៅ ហ្សូអាណានិងខ្ញុំបានសន្សំលុយអស់ពីរឆ្នាំ ដោយកាត់បន្ថយការចំណាយទៅលើការកម្សាន្ដ និងដោយមិនទិញរបស់ដែលមិនចាំបាច់»។ ដើម្បីបន្ដបម្រើនៅប្រទេសផ្សេង ពួកគាត់ធ្វើការនៅទ្វីបអឺរ៉ុបអស់ប៉ុន្មានខែជារៀងរាល់ឆ្នាំ។ នេះធ្វើឲ្យពួកគាត់អាចត្រួសត្រាយនៅប្រទេសបេនីនបានពេញមួយឆ្នាំ។

បងម៉ារីតេរែស

 ម៉ារីតេរែសគឺជាបងស្រីម្នាក់ក្នុងចំណោមបងប្អូនស្រីនៅលីវប្រហែលជា២០នាក់ដែលមកពីប្រទេសផ្សេងដើម្បីបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង នៅទ្វីបអាហ្វ្រិកប៉ែកខាងលិច។ នៅប្រទេសបារាំងនាងធ្វើការជាអ្នកបើកឡានក្រុង។ ប៉ុន្ដែនៅឆ្នាំ២០០៦ នាងបានសុំសម្រាកពីការងារមួយឆ្នាំដើម្បីត្រួសត្រាយនៅប្រទេសនីហ្សេ។ មិនយូរប៉ុន្មាននាងបានដឹងថានេះជាជីវិតដែលនាងពិតជាចង់បាន។ បងម៉ារីតេរែសនិយាយថា«ក្រោយពីត្រឡប់មកប្រទេសបារាំងវិញ ខ្ញុំបានប្រាប់ថៅកែរបស់ខ្ញុំថាខ្ញុំចង់កែប្រែកាលវិភាគធ្វើការ ហើយគាត់បានសុខចិត្ដកែប្រែកាលវិភាគនោះ។ ឥឡូវនេះ ពីខែឧសភាដល់ខែសីហា ខ្ញុំធ្វើជាអ្នកបើកឡានក្រុងនៅប្រទេសបារាំង ហើយពីខែកញ្ញាដល់ខែមេសា ខ្ញុំបម្រើជាអ្នកត្រួសត្រាយនៅប្រទេសនីហ្សេ»។

បងសាហ្វីរ៉ា

‹បងប្អូនទាំងនេះដែលស្វែងរករាជាណាចក្រជាមុន› អាចទុកចិត្ដថាព្រះយេហូវ៉ានឹងផ្ដល់‹របស់ចាំបាច់›ឯទៀតដល់ពួកគាត់។ (ម៉ាថ. ៦:៣៣) ជាឧទាហរណ៍ សូមពិចារណាអំពីអ្វីដែលបានកើតឡើងដល់បងស្រីនៅលីវម្នាក់ឈ្មោះសាហ្វីរ៉ាវ័យជិត៣០ឆ្នាំ ដែលមកពីប្រទេសបារាំង ហើយបម្រើជាអ្នកត្រួសត្រាយនៅប្រទេសបេនីន។ នៅឆ្នាំ២០១១ គាត់បានត្រឡប់ទៅប្រទេសបារាំងវិញ ដើម្បីរកលុយឲ្យបានគ្រប់គ្រាន់ ដើម្បីអាចចិញ្ចឹមខ្លួនឲ្យបានមួយឆ្នាំទៀត (គ្រប់ឆ្នាំ) នៅទ្វីបអាហ្វ្រិក។ បងសាហ្វីរ៉ារៀបរាប់ថា«ថ្ងៃសុក្រជាថ្ងៃធ្វើការចុងក្រោយរបស់ខ្ញុំ ប៉ុន្ដែខ្ញុំនៅតែត្រូវការធ្វើការ១០ថ្ងៃបន្ថែមដើម្បីមានលុយគ្រប់គ្រាន់សម្រាប់មួយឆ្នាំទៀត។ ខ្ញុំមានតែពេលពីរសប្ដាហ៍ទៀតប៉ុណ្ណោះនៅប្រទេសបារាំង។ ខ្ញុំបានអធិដ្ឋានទៅព្រះយេហូវ៉ា ពន្យល់លោកអំពីស្ថានភាពរបស់ខ្ញុំ។ មិនយូរក្រោយមក ក្រុមហ៊ុនរកការងារធ្វើមួយ បានទូរស័ព្ទមកខ្ញុំ ហើយបានសួរថា តើខ្ញុំអាចធ្វើការជំនួសមនុស្សម្នាក់អស់រយៈពេលពីរសប្ដាហ៍ទេ?»។ នៅថ្ងៃច័ន្ទបងសាហ្វីរ៉ាបានទៅកន្លែងធ្វើការនោះដើម្បីទទួលការបង្ហាត់បង្រៀនពីបុគ្គលិកដែលនាងនឹងជំនួស។ នាងនិយាយថា«ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថា គាត់ជាគ្រិស្ដសាសនិកម្នាក់ដែលត្រូវការសម្រាក១០ថ្ងៃដើម្បីចូលរួមសាលាសម្រាប់អ្នកត្រួសត្រាយ! ចៅហ្វាយរបស់នាងបានបដិសេធមិនឲ្យនាងសម្រាកពីការងារទេ លុះត្រាតែរកឃើញមនុស្សម្នាក់ឲ្យមកជំនួសនាង។ នាងបានអធិដ្ឋានអង្វរព្រះយេហូវ៉ាឲ្យចាត់វិធានការដើម្បីជួយនាង ដូចខ្ញុំដែរ»។

ប្រភពមួយនៃការស្កប់ចិត្ដពិតប្រាកដ

បងប្អូនប្រុសស្រីខ្លះបានបម្រើនៅទ្វីបអាហ្វ្រិកប៉ែកខាងលិច អស់ជាច្រើនឆ្នាំ ហើយបានចាត់ទុកទីនោះជាស្រុកកំណើតរបស់ពួកគាត់។ បងប្អូនទៀតអាចរស់នៅអស់ប៉ុន្មានឆ្នាំ ហើយបន្ទាប់មកបានត្រឡប់ទៅប្រទេសកំណើតរបស់ពួកគាត់វិញ។ ប៉ុន្ដែសូម្បីតែសព្វថ្ងៃនេះ បងប្អូនដែលធ្លាប់បម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការច្រើនជាង នៅតែទទួលប្រយោជន៍ពីឆ្នាំដែលពួកគាត់បានបម្រើនៅប្រទេសផ្សេង។ ពួកគាត់បានរៀនថា ជីវិតគាប់ចិត្ដពិតប្រាកដគឺមកពីការបម្រើព្រះយេហូវ៉ា។

^ ???? 6 ការិយាល័យសាខានៅប្រទេសបេនីនត្រួតពិនិត្យកិច្ចការនៅប្រទេសទាំងបួននេះ ដែលនិយាយភាសាបារាំង។