លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើលោកយេស៊ូជាព្រះដែលមានអំណាចខ្លាំងក្លាបំផុតឬ?

តើលោកយេស៊ូជាព្រះដែលមានអំណាចខ្លាំងក្លាបំផុតឬ?

តើ​លោក​យេស៊ូ​ជា​ព្រះ​ដែល​មាន​អំណាច​ខ្លាំងក្លា​បំផុត​ឬ?

គេ​និយម​ឆ្លើយ​ថា:

«មែន! លោក​យេស៊ូ​ជា​ព្រះ​ដែល​មាន​អំណាច​ខ្លាំងក្លា​បំផុត»។

«ព្រះ​បាន​បង្ហាញ​ខ្លួន​ជា​លោក​យេស៊ូ»។

តើ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​អ្វី?

«ប្រសិនបើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រេក​អរ​ដោយ​សារ​ខ្ញុំ​ទៅ​ឯ​បិតា​ដែល​នៅ​ស្ថាន​សួគ៌ ពីព្រោះ​បិតា​នៅ​ស្ថាន​សួគ៌​គឺ​ធំ​ជាង​ខ្ញុំ»។ (យ៉ូហាន ១៤:២៨) លោក​យេស៊ូ​បាន​ទទួល​ស្គាល់​ថា​លោក និង​បិតា​របស់​លោក​ដែល​នៅ​ស្ថាន​សួគ៌​មិន​មាន​ភាព​ស្មើ​គ្នា​ឡើយ។

«ខ្ញុំ​នឹង​ឡើង​ទៅ​ឯ​បិតា​របស់​ខ្ញុំ​និង​បិតា​របស់​អ្នក​រាល់​គ្នា ហើយ​ទៅ​ឯ​ព្រះ​របស់​ខ្ញុំ​និង​ព្រះ​របស់​អ្នក​រាល់​គ្នា»។ (យ៉ូហាន ២០:១៧) លោក​យេស៊ូ​មិន​បាន​រៀប​រាប់​អំពី​ខ្លួន​ជា​ព្រះ​ទេ តែ​បាន​និយាយ​អំពី​ព្រះ​ថា​ជា​បុគ្គល​ផ្សេង​ដាច់​ដោយ​ឡែក​ពី​លោក។

«ខ្ញុំ​មិន​បាន​និយាយ​ចេញ​ពី​ចិត្ត​របស់​ខ្ញុំ​ទេ ប៉ុន្តែ​បិតា​នៅ​ស្ថាន​សួគ៌​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក បាន​ឲ្យ​បញ្ញត្ដិ​មួយ​មក​ខ្ញុំ​ដោយ​ផ្ទាល់ ស្តី​អំពី​អ្វី​ដែល​ខ្ញុំ​ត្រូវ​ប្រាប់ និង​អ្វី​ដែល​ខ្ញុំ​ត្រូវ​និយាយ»។ (យ៉ូហាន ១២:៤៩) សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​មិន​បាន​មក​ពី​លោក​ផ្ទាល់​ទេ តែ​មក​ពី​បិតា​នៅ​ស្ថាន​សួគ៌​វិញ។

លោក​យេស៊ូ​ពោល​ថា​លោក​ជា​បុត្រ​របស់​ព្រះ មិន​មែន​ជា​ព្រះ​ដែល​មាន​អំណាច​ខ្លាំងក្លា​បំផុត​ឡើយ។ ប្រសិនបើ​លោក​យេស៊ូ​ជា​ព្រះ តើ​លោក​កំពុង​អធិដ្ឋាន​ដល់​នរណា​ពេល​លោក​ស្ថិត​នៅ​ផែនដី? (ម៉ាថាយ ១៤:២៣; ២៦:២៦​-​២៩) ប្រសិន​បើ​លោក​ជា​ព្រះ​មែន លោក​យេស៊ូ​ប្រាកដ​ជា​មិន​ធ្វើ​ពុត​អធិដ្ឋាន​ដល់​បុគ្គល​ផ្សេង​ទៀត​ទេ!

ពេល​អ្នក​កាន់​តាម​លោក​យេស៊ូ​ពីរ​នាក់​សុំ​លោក​ឲ្យ​ពួក​គេ​មាន​ឋានៈ​ពិសេស​ក្នុង​រាជាណាចក្រ​របស់​លោក នោះ​លោក​ឆ្លើយ​ថា​៖ «មិន​មែន​ខ្ញុំ​ទេ​ដែល​សម្រេច​ឲ្យ​អង្គុយ​នៅ​ខាង​ស្ដាំ​ឬ​ខាង​ឆ្វេង​ខ្ញុំ តែ​គឺ​ជា​កន្លែង​របស់​អ្នក​ដែល​បិតា​របស់​ខ្ញុំ​បាន​រៀប​ចំ​កន្លែង​នោះ​ទុក​ឲ្យ»។ (ម៉ាថាយ ២០:​២៣) តើ​លោក​យេស៊ូ​បាន​កុហក​ពួក​គេ​ពេល​លោក​ឆ្លើយ​ថា​លោក​មិន​មាន​សិទ្ធិ​ដើម្បី​សម្រេច​តាម​សំណូម​ពរ​របស់​ពួក​គេ​ទេ? មិន​មែន​ទាល់​តែ​សោះ! ផ្ទុយ​ទៅ​វិញ ដោយ​ចិត្ត​រាប​ទាប​លោក​ទទួល​ស្គាល់​ថា​មាន​តែ​ព្រះ​ទេ​ដែល​មាន​សិទ្ធិ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​នោះ។ លោក​យេស៊ូ​ក៏​បាន​ពន្យល់​ដែរ​ថា​មាន​អ្វី​ខ្លះៗ​ដែល​លោក​ឬ​បណ្ដា​ទេវតា​មិន​បាន​ជ្រាប​ឡើយ តែ​មាន​តែ​បិតា​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ដែល​ជ្រាប។—ម៉ាកុស ១៣:៣២

តើ​លោក​យេស៊ូ​ទាប​ជាង​ព្រះ​ដោយ​សារ​លោក​ជា​មនុស្ស​នៅ​ផែនដី​តែ​ប៉ុណ្ណោះ​ឬ? មិន​មែន​ទេ។ សូម្បី​តែ​ក្រោយ​ពេល​ដែល​លោក​ទទួល​មរណភាព​និង​ត្រូវ​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្ដី គម្ពីរ​បាន​ពិពណ៌នា​ថា​លោក​យេស៊ូ​ស្ថិត​នៅ​ក្រោម​បង្គាប់​ព្រះ​យេហូវ៉ា។ សាវ័ក​ប៉ុល​បាន​រំលឹក​យើង​ថា​៖ «ប្រមុខ​របស់​គ្រិស្ត​គឺ​ព្រះ»។ (កូរិនថូសទី១ ១១:៣) គម្ពីរ​បាន​រៀប​រាប់​ថា​នៅ​ថ្ងៃ​អនាគត​«ក្រោយ​ពី​ព្រះ​បាន​ធ្វើ​ឲ្យ​អ្វីៗ​ទាំង​អស់​ចុះ​ចូល​ចំពោះ​បុត្រ​របស់​លោក បុត្រ​នោះ​នឹង​ចុះ​ចូល​ចំពោះ​ព្រះ​ដែល​បាន​ធ្វើ​ឲ្យ​អ្វីៗ​ទាំង​អស់​ចុះ​ចូល​ចំពោះ​បុត្រ​នោះ ដើម្បី​ឲ្យ​ព្រះ​ធ្វើ​ជា​អ្វីៗ​ទាំង​អស់​ដល់​មនុស្ស​ទាំង​អស់»។—កូរិនថូសទី១ ១៥:២៨

គឺ​ច្បាស់​ហើយ លោក​យេស៊ូ​មិន​មែន​ជា​ព្រះ​ដែល​មាន​អំណាច​ខ្លាំងក្លា​បំផុត​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​លោក​និយាយ​អំពី​បិតា​របស់​លោក​ថា «ព្រះ​របស់​ខ្ញុំ»។—ការបើកបង្ហាញ ៣:២, ១២; កូរិនថូសទី២ ១:៣, ៤ *

[កំណត់​សម្គាល់]

^ វគ្គ 12 ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​រឿង​នេះ សូម​មើល​ទំព័រ​២៣២​-​២៣៤​នៃ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? ដែល​បាន​បោះពុម្ព​ដោយ​សាក្សី​ព្រះ​យេហូវ៉ា។

[ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ៦]

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា មាន​អ្វី​ខ្លះៗ​ដែល​លោក​ឬ​បណ្ដា​ទេវតា​មិន​បាន​ជ្រាប​ឡើយ តែ​មាន​តែ​បិតា​នៅ​ស្ថាន​សួគ៌​ប៉ុណ្ណោះ​ដែល​ជ្រាប