លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើលោកអ្នកអាចទាក់ទងនឹងបុគ្គលវិញ្ញាណបានឬទេ?

តើលោកអ្នកអាចទាក់ទងនឹងបុគ្គលវិញ្ញាណបានឬទេ?

តើ​លោក​អ្នក​អាច​ទាក់​ទង​នឹង​បុគ្គល​វិញ្ញាណ​បាន​ឬ​ទេ?

ព្រះ​យេហូវ៉ា​ដែល​មាន​ឫទ្ធានុភាព​ខ្លាំងក្លា​បំផុត​បាន​ប្រគល់​ភារកិច្ច​ខ្លះ​ឲ្យ​បុគ្គល​វិញ្ញាណ​ឯ​ទៀត។ ជា​ឧទាហរណ៍ លោក​បាន​ប្រគល់​ការ​គ្រប់​គ្រង​លើ​ផែនដី​ឲ្យ​លោក​យេស៊ូ​គ្រិស្ត ហើយ​បាន​តែង​តាំង​ទេវតា​ស្មោះ​ត្រង់​ឲ្យ​ជួយ​ដឹក​នាំ​ការ​ប្រកាស​ដំណឹង​ល្អ។ (​ការ​បើក​បង្ហាញ ១៤:៦​) ក៏​ប៉ុន្តែ ការ​អធិដ្ឋាន​គឺ​ខុស​គ្នា។ លោក​មិន​បាន​ប្រគល់​ភារកិច្ច​ស្ដាប់​ការ​អធិដ្ឋាន​ឲ្យ​អ្នក​ណា​ឡើយ។ ហេតុ​នេះ យើង​គួរ​អធិដ្ឋាន​ទៅ​ព្រះ​តែ​ប៉ុណ្ណោះ។

ព្រះ​យេហូវ៉ា​គឺជា​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​»។ (​ទំនុក​តម្កើង ៦៥:២​) លោក​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង ហើយ​លោក​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ។ ស្តី​អំពី​សេចក្ដី​អធិដ្ឋាន សាវ័ក​យ៉ូហាន​បាន​សរសេរ​ទៅ​កាន់​បង​ប្អូន​រួម​ជំនឿ​ដែល​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ថា​៖ ​«​អ្វី​ក៏​ដោយ​ដែល​យើង​អធិដ្ឋាន​សុំ ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ នោះ​ព្រះ​នឹង​ស្ដាប់​យើង។ ម្ល៉ោះ​ហើយ បើ​យើង​ដឹង​ថា ព្រះ​នឹង​ស្ដាប់​នូវ​អ្វី​ក៏​ដោយ​ដែល​យើង​សុំ យើង​ដឹង​ថា​យើង​នឹង​ទទួល ពីព្រោះ​យើង​បាន​សុំ​ពី​លោក​»។—យ៉ូហានទី១ ៥:១៤, ១៥

ពួក​ទេវតា​ស្មោះ​ត្រង់​មិន​ចង់​ឲ្យ​យើង​ព្យាយាម​ទាក់​ទង​ពួក​គេ​ឬ​អធិដ្ឋាន​ទៅ​ពួក​គេ​ឡើយ។ ពួក​គេ​យល់ ថែម​ទាំង​ចុះ​ចូល​នឹង​ការ​រៀប​ចំ​របស់​ព្រះ​សម្រាប់​ការ​អធិដ្ឋាន ហើយ​ការ​រៀប​ចំ​នោះ​ជួនកាល​ជាប់​ទាក់​ទង​នឹង​ពួក​គេ​ផ្ទាល់។ តើ​តាម​របៀប​ណា? ពេល​ដែល​ដានីយ៉ែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អំពី​ការ​ខូច​បង់​នៃ​ក្រុង​យេរូសាឡិម ព្រះ​យេហូវ៉ា​បាន​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​ដានីយ៉ែល​ដោយ​ចាត់​ទេវតា​កាព្រីយ៉ែល​ឲ្យ​លើក​ទឹក​ចិត្ត​គាត់។—ដានីយ៉ែល ៩:៣, ២០​-​២២

តើ​មនុស្ស​ស្លាប់​អាច​ទាក់​ទង​ជា​មួយ​យើង​បាន​ឬ​ទេ?

តើ​យើង​គួរ​ព្យាយាម​ទាក់​ទង​ពួក​អ្នក​ដែល​បាន​ស្លាប់​ឬ​ទេ? មាន​រឿង​ជា​ច្រើន​ដែល​តំណាល​អំពី​មនុស្ស​ដែល​នឹក​ស្មានថា​ខ្លួន​បាន​សន្ទនា​ជា​មួយ​វិញ្ញាណ​មនុស្ស​ស្លាប់។ ជា​ឧទាហរណ៍ នៅ​ប្រទេស​អៀឡង់ អ្នក​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​បាន​ប្រាប់​ស្ត្រី​ម្នាក់​ថា​យប់​មុន​គាត់​បាន​សន្ទនា​ជា​មួយ​ហ្វ្រេដ​ដែល​ជា​ប្ដី​របស់​ស្ត្រី​នោះ។ ក៏​ប៉ុន្តែ ហ្វ្រេដ​បាន​ស្លាប់​ពីរ​បី​សប្ដាហ៍​មុន។ អ្នក​នោះ​បាន​បន្ត​ប្រាប់​អំពី​អ្វី​ដែល​ហ្វ្រេដ​បាន​និយាយ ដែល​ជា​រឿង​ដែល​ប្រពន្ធ​គាត់​ជឿ​ថា​មាន​តែ​គាត់​ប៉ុណ្ណោះ​ដែល​ដឹង។ ពិត​ជា​សម​ហេតុ​ផល​ឲ្យ​ស្ត្រី​នោះ​សន្និដ្ឋាន​ថា​ហ្វ្រេដ​កំពុង​រស់​នៅ​ពិភព​ពួក​វិញ្ញាណ ហើយ​កំពុង​ខំ​ប្រឹង​ទាក់​ទង​គាត់​តាម​រយៈ​មនុស្ស​ចម្លែក​នោះ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​សន្និដ្ឋាន​នោះ​គឺ​ផ្ទុយ​នឹង​អ្វី​ដែល​គម្ពីរ​ចែង​យ៉ាង​ច្បាស់​អំពី​ស្ថានភាព​មនុស្ស​ស្លាប់ (​សូម​មើល​ប្រអប់​ខាង​ក្រោម​)។

ដូច្នេះ តើ​យើង​អាច​ពន្យល់​យ៉ាង​ណា​អំពី​រឿង​ដូច​នេះ? វិធី​មួយ​ដែល​ពួក​វិញ្ញាណ​កំណាច​ប្រើ​ដើម្បី​បញ្ឆោត​មនុស្ស​គឺ​ដោយ​ធ្វើ​ឲ្យ​គេ​ជឿ​ថា​វា​ជា​មនុស្ស​ដែល​បាន​ស្លាប់ ក្នុង​ករណី​នេះ​គឺជា​ហ្វ្រេដ។ គោល​បំណង​វា​គឺ​បំបែរ​មនុស្ស​ចេញ​ពី​អ្វី​ដែល​គម្ពីរ​បង្រៀន ហើយ​ធ្វើ​ឲ្យ​ជំនឿ​និង​ទំនុក​ចិត្ត​របស់​ពួក​គេ​លើ​ព្រះ​យេហូវ៉ា​ចុះ​ខ្សោយ។ សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ប្រាកដជា​បំភាន់​មនុស្ស​«​ដោយ​គ្រប់​ការ​អស្ចារ្យ សញ្ញា​សម្គាល់​ក្លែង​ក្លាយ ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព និង​ដោយ​ប្រើ​ការ​មិន​សុចរិត​គ្រប់​បែប​យ៉ាង​ដើម្បី​បោក​បញ្ឆោត​ពួក​អ្នក​ដែល​កំពុង​វិនាស​»។—ថែស្សាឡូនិច​ទី​២ ២:៩, ១០

ពិត​មែន មាន​ពួក​អ្នក​ទាក់​ទង​ពួក​វិញ្ញាណ​អាក្រក់​និង​ពួក​អ្នក​ដែល​សេពគប់​ពួក​គេ​ដែល​ពិត​ជា​ជឿ​ថា​ពួក​គេ​កំពុង​ទាក់​ទង​មនុស្ស​ដែល​បាន​ស្លាប់។ តាម​ពិត ពួក​គេ​កំពុង​ទាក់​ទង​ពួក​វិញ្ញាណ​ដែល​ប្រឆាំង​ព្រះ​យេហូវ៉ា។ ស្រដៀង​គ្នា​ដែរ មាន​ពួក​អ្នក​ដែល​ជឿ​ថា​ពួក​គេ​កំពុង​គោរព​ប្រណិប័តន៍​ព្រះ តែ​ពួក​គេ​យល់​ខុស​ហើយ។ សាវ័ក​ប៉ូល​បាន​សរសេរ​ការ​ព្រមាន​ដ៏​ខ្លាំង​នេះ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ដែល​ថា​៖ ​«​អ្វី​ៗ​ដែល​ប្រជាជាតិ​នានា​សែន ពួក​គេ​សែន​ពួក​វិញ្ញាណ​កំណាច មិន​មែន​បូជា​ដល់​ព្រះ​ទេ​»។—កូរិនថូសទី១ ១០:​២០, ២១

បើ​ដឹង​ថា​យើង​អាច​អធិដ្ឋាន​ទៅ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ដែល​ស្រឡាញ់​យើង​ហើយ​ថែ​រក្សា​យើង យើង​មិន​ចង់​អធិដ្ឋាន​ទៅ​អ្នក​ណា​ផ្សេង​ទៀត​ទេ មែន​ទេ? យ៉ាង​ណា​មិញ គម្ពីរ​ធានា​ថា​៖ ​«​ព្រះ​នេត្រ​នៃ​ព្រះ​យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់​នៅ​គ្រប់​លើ​ផែនដី​ទាំង​មូល ដើម្បី​នឹង​សំ​ដែង​ព្រះ​ចេស្ដា​ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​»។—របាក្សត្រទី២ ១៦:៩

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៩​]

បើ​ដឹង​ថា​យើង​អាច​អធិដ្ឋាន​ទៅ ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ដែល​ស្រឡាញ់​យើង ហើយ​ថែ​រក្សា​យើង យើង​មិន​ចង់​អធិដ្ឋាន​ទៅ​អ្នក​ណា​ផ្សេង​ទៀត​ទេ មែន​ទេ?

[​ប្រអប់​/​រូបភាព​នៅ​ទំព័រ​៨​]

រឿង​ពិត​និង​រឿង​ប្រឌិត

​រឿង​ពិត: សាថាន​ជា​បុគ្គល​ដែល​មាន ពិត​ប្រាកដ​មែន​

​«​សាថាន​ចេះ​តែ​ក្លែង​ខ្លួន​ជា​ទេវតា​នៃ​ពន្លឺ​»។ —កូរិនថូសទី២ ១១:១៤

​«​ចូរ​ដឹង​ខ្លួន​ជា​និច្ច ហើយ​ប្រុង​ប្រយ័ត្ន​ចុះ។ មេកំណាច ដែល​ជាស​ត្រូវ​របស់​អ្នក​រាល់​គ្នា ដើរ​ក្រវែល​ដូច​តោ​ដែល​កំពុង​គ្រហឹម​រក​លេប​ត្របាក់​អ្នក​ណា​ម្នាក់​»។—ពេត្រុសទី១ ៥:៨

​«​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង អ្នក​នោះ​មក​ពី​មេកំណាច ពីព្រោះ​មេកំណាច​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​តាំង​ពី​ដើម​ដំបូង​»។—យ៉ូហានទី១ ៣:៨

​«​ចូរ​ចុះ​ចូល​នឹង​ព្រះ តែ​ចូរ​តស៊ូ​នឹង​មេកំណាច រួច​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​»។—យ៉ាកុប ៤:៧

​«​មេកំណាច . . . ជា​ឃាតករ​តាំង​ពី​ដើម​ដំបូង ហើយ​មិន​បាន​នៅ​ជាប់​នឹង​សេចក្ដី​ពិត​ឡើយ ពីព្រោះ​សេចក្ដី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ទេ។ ពេល​ដែល​មេកំណាច​ភូតភរ អ្នក​នោះ​និយាយ​តាម​ចរិត​លក្ខណៈ​របស់​ខ្លួន ពីព្រោះ​មេកំណាច​ជា​អ្នក​ភូតភរ​ក៏​ជា​ឪពុក​នៃ​ការ​ភូតភរ​ទៀត​ផង​»។—យ៉ូហាន ៨:៤៤

​រឿង​ប្រឌិត: ពេល​មនុស្ស​ស្លាប់ ពួក​គេ​ទាំង​អស់​ទៅ​រស់​នៅ​ពិភព​ពួក​វិញ្ញាណ​

​«​ឯង​នឹង​បាន​អាហារ​ស៊ី​ដោយ​ការ​បែកញើស ដរាប​ដល់​ឯង​ត្រឡប់​ទៅ​ជា​ដី​វិញ ពីព្រោះ​អញ​បាន​យក​ឯង​ពី​ដី​មក ដ្បិត​ឯង​ជា​ធូលី​ដី ក៏​ត្រូវ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​»។—លោកុប្បត្តិ ៣:១៩

​«​មនុស្ស​ដែល​រស់ គេ​ដឹង​ថា​ខ្លួន​នឹង​ស្លាប់​ជា​មិន​ខាន តែ​មនុស្ស​ស្លាប់​ឥត​ដឹង​អ្វី​ឡើយ​»។—សាស្ដា ៩:៥

​«​ការ​អ្វី​ដែល​ដៃ​ឯង​អាច​ធ្វើ​បាន នោះ​ចូរ​ធ្វើ​ដោយ​អស់ពី​កំឡាំង​ចុះ ដ្បិត​នៅ​ក្នុង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​[​ផ្នូរ​] ជា​កន្លែង​ដែល​ឯង​ត្រូវ​នៅ នោះ​គ្មាន​ការ​ធ្វើ គ្មាន​ការ​គិត​គូរ គ្មាន​ដំ​រិះ ឬ​ប្រាជ្ញា​ឡើយ​»។—សាស្ដា ៩:១០

​«​គេ​ផុត​ដង្ហើម​ទៅ ហើយ​ត្រឡប់​ទៅ​ជា​ដី​វិញ នៅ​ថ្ងៃ​នោះ​ឯង អស់​ទាំង​គំនិត​របស់​គេ​ក៏​សូន្យ​បាត់​ទៅ​»។—ទំនុកតម្កើង ១៤៦:៤

​រឿង​ពិត: ពួក​ទេវតា​ស្មោះ​ត្រង់​ថែ​រក្សា​យើង​

​«​ទេវតា​នៃ​ព្រះ​យេហូវ៉ា​ចោមរោម​នៅ​ជុំ​វិញ​នៃ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ហើយ​ក៏​ជួយ​គេ​ឲ្យ​រួច​»។—ទំនុកតម្កើង ៣៤:៧; ៩១:១១

​«​ទេវតា​ទាំង​ឡាយ​ជា​វិញ្ញាណ​ដែល​បំពេញ​កិច្ច​បម្រើ​សាធារណៈ ហើយ​បាន​ត្រូវ​ចាត់​ឲ្យ​បម្រើ​ជា​ប្រយោជន៍​ដល់​អស់​អ្នក​ដែល​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​ជា​មត៌ក មែន​ទេ?​»។—ហេប្រឺ ១:១៤

​«​ខ្ញុំ​ឃើញ​ទេវតា​មួយ​ទៀត​ដែល​កំពុង​ហោះ​នៅ​កណ្ដាល​មេឃ ហើយ​គាត់​មាន​ដំណឹង​ល្អ​ដែល​ស្ថិតស្ថេរ​ជា​និរន្តរ៍ ជា​ដំណឹង​ដែល​នាំ​ឲ្យ​រីករាយ​សម្រាប់​ប្រកាស​ប្រាប់​ដល់​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ផែនដី និង​ដល់​គ្រប់​ប្រជាជាតិ គ្រប់​កុលសម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ជាតិ​សាសន៍ គាត់​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ‹ចូរ​កោត​ខ្លាច​ព្រះ ហើយ​សរសើរ​តម្កើង​លោក›​»។—ការ​បើក​បង្ហាញ ១៤:៦, ៧

រឿង​ប្រឌិត: លោក​យេស៊ូ​ស្មើ​នឹង​ព្រះ

​«​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ប្រមុខ​របស់​បុរស​ទាំង​ឡាយ​គឺ​គ្រិស្ត ឯ​ប្រមុខ​របស់​ស្ត្រី​ទាំង​ឡាយ​គឺ​បុរស ឯ​ប្រមុខ​របស់​គ្រិស្ត​គឺ​ព្រះ​»។—កូរិនថូសទី១ ១១:៣

​«​ក្រោយ​ពី​ព្រះ​បាន​ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ចុះ​ចូល​ចំពោះ​បុត្រ​របស់​លោក បុត្រ​នោះ​នឹង​ចុះ​ចូល​ចំពោះ​ព្រះ​ដែល​បាន​ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ចុះ​ចូល​ចំពោះ​បុត្រ​នោះ ដើម្បី​ឲ្យ​ព្រះ​ធ្វើ​ជា​អ្វី​ៗ​ទាំង​អស់​ដល់​មនុស្ស​ទាំង​អស់​»។—កូរិនថូសទី១ ១៥:២៨

​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា បុត្រ​ព្រះ​មិន​អាច​ធ្វើ​អ្វី​ដោយ​គំនិត​របស់​លោក​ផ្ទាល់​បាន​ឡើយ សូម្បី​តែ​អ្វី​មួយ​ក៏​ដោយ ប៉ុន្តែ​លោក​ធ្វើ​តែ​អ្វី​ដែល​លោក​ឃើញ​បិតា​របស់​លោក​ធ្វើ​ប៉ុណ្ណោះ​»។—យ៉ូហាន ៥:១៩