លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«ព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្ដសប្បាយ»

«ព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្ដសប្បាយ»

ចូរ​ចូល​ទៅ​ជិត​ព្រះ

«​ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ​»​

តើ​អំណោយ​បែប​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​ដឹង​គុណ​ខ្លាំង​បំផុត? ប្រាកដ​ណាស់ យើង​ភាគ​ច្រើន​សប្បាយ​ចិត្ត​ទទួល​អំណោយ​ពី​អ្នក​ដែល​ឲ្យ​ដោយ​សេចក្ដី​ស្រឡាញ់ មិន​មែន​ឲ្យ​ដោយ​សារ​តែ​ជា​ភារកិច្ច​ឬ​កាតព្វកិច្ច​នោះ​ទេ។ ពេល​យើង​ឲ្យ​ដោយ​ផុស​ចេញ​ពី​ចិត្ត នោះ​គឺ​សំខាន់​ចំពោះ​យើង។ ជាង​នោះ​ទៅ​ទៀត នេះ​គឺ​សំខាន់​ចំពោះ​ព្រះ។ សូម​ពិចារណា​អំពី​ពាក្យ​ដែល​សាវ័ក​ប៉ូល​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​នៅ កូរិនថូសទី២ ៩:៧

ហេតុ​អ្វី​ប៉ូល​បាន​សរសេរ​ពាក្យ​ទាំង​នោះ? ពីព្រោះ​គាត់​ចង់​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ឲ្យ​ផ្ដល់​ជំនួយ​ដល់​បង​ប្អូន​រួម​ជំនឿ​ដែល​មាន​សេចក្ដី​ត្រូវ​ការ​នៅ​តំបន់​យូឌា។ តើ​គាត់​បាន​ព្យាយាម​បង្ខំ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ឲ្យ​ធ្វើ​ដូច្នេះ​ទេ? មិន​មែន​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​សរសេរ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ចុះ មិន​មែន​ដោយ​ទើស​ទាល់​ឬ​ដោយ​មាន​គេ​បង្ខំ​ឡើយ ព្រោះ​ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ​»។ សូម​ឲ្យ​យើង​ពិចារណា​យ៉ាង​ដិត​ដល់​នូវ​ពាក្យ​ដាស់​តឿន​នោះ។

«​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​»។ យោង​តាម​ពាក្យ​របស់​ប៉ូល គ្រិស្ត​សាសនិក​ពិត​ឲ្យ ដោយ​សារ​នោះ​ជា​«​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​»។ ដំណាល​គ្នា​នោះ គ្រិស្ត​សាសនិក​ត្រូវ​គិត​ឲ្យ​បាន​ហ្មត់​ចត់​អំពី​សេចក្ដី​ត្រូវ​ការ​របស់​បង​ប្អូន​រួម​ជំនឿ។ បណ្ឌិត​ម្នាក់​និយាយ​ថា​តាម​ភាសា​ដើម ពាក្យ​ដែល​បក​ប្រែ​ថា​«​សម្រេច​ចិត្ត . . . បង្កប់​អត្ថន័យ​ថា​ការ​តាំង​ចិត្ត​ទុក​ជា​មុន​»។ ដូច្នេះ គ្រិស្ត​សាសនិក​ម្នាក់​គិត​ជា​មុន​អំពី​សេចក្ដី​ត្រូវ​ការ​របស់​បង​ប្អូន​រួម​ជំនឿ ហើយ​គាត់​ពិចារណា​នូវ​អ្វី​ដែល​គាត់​អាច​ធ្វើ​ដើម្បី​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​បង​ប្អូន​ទាំង​នោះ។—យ៉ូហានទី១ ៣:១៧

«​មិន​មែន​ដោយ​ទើស​ទាល់​ឬ​ដោយ​មាន​គេ​បង្ខំ​ឡើយ​»។ ប៉ូល​បាន​បញ្ជាក់​ចិត្ត​គំនិត​ពីរ​យ៉ាង​ដែល​គ្រិស្ត​សាសនិក​ពិត​មិន​គួរ​មាន គឺ​ឲ្យ​ដោយ​ទើស​ទាល់ និង​ដោយ​មាន​គេ​បង្ខំ។ អ្នក​ដែល​ឲ្យ​ដោយ​បង្ខំ ដោយ​សារ​គាត់​បាន​ទទួល​ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​ដូច្នេះ។ តើ​យើង​ពិត​ជា​ចង់​ទទួល​អំណោយ​មួយ​ពី​អ្នក​ដែល​ឲ្យ​ដោយ​ទើស​ទាល់​ឬ​ដោយ​បង្ខំ​ទេ?

«​ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ​»។ ប៉ូល​បាន​និយាយ​ថា នៅ​ពេល​គ្រិស្ត​សាសនិក​ម្នាក់​សម្រេច​ចិត្ត​ឲ្យ នោះ​គាត់​គួរ​ឲ្យ​ដោយ​ចិត្ត​សប្បាយ​ឬ​ដោយ​អំណរ។ មែន​ហើយ ការ​ឲ្យ​ដោយ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ នោះ​នាំ​ឲ្យ​មាន​សុភមង្គល។ (​សកម្មភាព ២០:៣៥​) អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ​ពិបាក​នឹង​លាក់​នូវ​អំណរ​របស់​ខ្លួន។ តាម​ពិត ពាក្យ​«​ចិត្ត​សប្បាយ​»​អាច​ពណ៌នា​អំពី​ចិត្ត និង​ទឹក​មុខ​របស់​អ្នក​ដែល​ឲ្យ។ ពេល​អ្នក​ដែល​ឲ្យ ឲ្យ​ដោយ​ចិត្ត​សប្បាយ នោះ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​កក់​ក្ដៅ​ខ្លាំង ហើយ​នេះ​ក៏​ធ្វើ​ឲ្យ​ព្រះ​មាន​អារម្មណ៍​កក់​ក្ដៅ​ដែរ។ ការ​បក​ប្រែ​មួយ​ទៀត​ថា​«​ព្រះ​ស្រឡាញ់​អ្នក​ដែល​ពេញ​ចិត្ត​ឲ្យ​»​ (​Contemporary English Version​)។

ពាក្យ​ដែល​សាវ័ក​ប៉ូល​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ជា​គោល​ការណ៍​សម្រាប់​គ្រិស្ត​សាសនិក​ក្នុង​ការ​ឲ្យ។ មិន​ថា​យើង​ឲ្យ​ពេល​វេលា កម្លាំង ឬ​ទ្រព្យ​សម្បត្ដិ​ក្ដី សូម​ឲ្យ​យើង​ធ្វើ​ដូច្នេះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ហើយ​ដោយ​សារ​យើង​ពិត​ជា​សប្បាយ​ចិត្ត​ក្នុង​ការ​បង្ហាញ​ចិត្ត​ទូលាយ​ចំពោះ​អ្នក​ឯ​ទៀត ជា​ពិសេស​អ្នក​ដែល​មាន​សេចក្ដី​ត្រូវ​ការ។ ការ​ឲ្យ​បែប​នោះ​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​ព្រះ​ស្រឡាញ់​យើង​ដែរ ព្រោះ​លោក​«​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ​»។

លោក​អ្នក​អាច​អាន:

កូរិនថូសទី១និងទី​២

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​១៣​]

​«​ព្រះ​ស្រឡាញ់​អ្នក​ដែល​ពេញ​ចិត្ត​ឲ្យ​»​