លោតទៅអត្ថបទ

តើពិតជាមានព្រះឬទេ?

តើពិតជាមានព្រះឬទេ?

ចម្លើយ​ពី​គម្ពីរ

 ពិត​ជា​មាន​មែន។ គម្ពីរ​ផ្ដល់​ភ័ស្តុតាង​ជា​ច្រើន​ដែល​បញ្ជាក់​ថា​ពិត​ជា​មាន​ព្រះ​មែន។ ភ័ស្តុតាង​ទាំ​ង​នោះ​ជួយ​ពង្រឹង​ជំនឿ​យើង​ទៅ​លើ​ព្រះ មិន​មែន​ជឿ​ដោយ​ងងឹត​ងងល់​តាម​សាសនា​ប៉ុណ្ណោះ​ទេ តែ​ដោយ​ប្រើ​«​សមត្ថភាព​រិះ​គិត​»​និង​«​សមត្ថភាព​យល់​ដឹង​»។ (​រ៉ូម ១២:១; យ៉ូហាន​ទី​១ ៥:២០​) សូម​ពិចារណា​នូវ​ការ​វែក​ញែក​ទាំ​ង​នេះ​ដោយ​ផ្អែក​លើ​គម្ពីរ:

  •   សកល​លោក​ដែល​មាន​របៀប​រៀប​រយ​និង​ជីវិត​ទាំ​ង​ឡាយ​នៅ​ផែនដី​បញ្ជាក់​ថា​មាន​អ្នក​បង្កើត។ គម្ពីរ​ចែង​ថា​៖​«​ពិត​មែន​តែ​ផ្ទះ​ទាំ​ង​អស់​មាន​អ្នក​សង់ ប៉ុន្តែ​អ្នក​ដែល​បាន​សង់​អ្វី​ៗ​ទាំ​ង​អស់​គឺ​ព្រះ​»។ (​ហេប្រឺ ៣:៤​) ទោះ​បី​ជា​នេះ​ស្ដាប់​ទៅ​ធម្មតា​ក៏​ដោយ តែ​ចំពោះ​អ្នក​ដែល​មាន​ចំណេះ​ដឹង​មួយ​ចំនួន​យល់​ថា​នេះ​សម​ហេតុ​ផល។ a

  •   ជា​ធម្មតា​មនុស្ស​យើង​កើត​មក​ដោយ​ចង់​ដឹង​អំពី​ខ្លឹម​សារ​នៃ​ជីវិត​និង​គោល​បំណង​សម្រាប់​ជីវិត ទោះ​ជា​យើង​មាន​អ្វី​ៗ​ដែល​យើង​ត្រូវ​ការ​ខាង​រូប​កាយ​រួច​ហើយ​ក៏​ដោយ ក៏​យើង​នៅ​តែ​ចង់​ដឹង​អំពី​គោល​បំណង​នៃ​ជីវិត​ដែរ។ នេះ​ជា​ផ្នែក​មួយ​ដែល​គម្ពីរ​ហៅ​ថា​សេចក្ដី​ត្រូវ​ការ​«​ការ​ណែនាំ​ពី​ព្រះ​»​ ដែល​នេះ​រួម​បញ្ចូល​ការ​ចង់​ស្គាល់ និង​ចង់​គោរព​ប្រណិប័តន៍​លោក។ (​ម៉ាថាយ ៥:៣; ការ​បើក​បង្ហាញ ៤:១១​) ការ​ចង់​បាន​ការ​ណែនាំ​ពី​ព្រះ​មិន​គ្រាន់​តែ​ជា​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​មាន​ព្រះ​ប៉ុណ្ណោះ​ទេ តែ​ក៏​បង្ហាញ​ថា​លោក​ជា​អ្នក​បង្កើត​ដែល​ប្រកប​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ចង់​ឲ្យ​យើង​ស្គាល់ និង​គោរព​ប្រណិប័តន៍​លោក។—ម៉ាថាយ ៤:៤

  •   ទំនាយ​ដែល​បាន​រៀប​រាប់​យ៉ាង​ល្អិត​ល្អន់​ក្នុង​គម្ពីរ​ដែល​បាន​ត្រូវ​សរសេរ​រាប់​សតវត្សរ៍​មុន ពិត​ជា​បាន​សម្រេច​ដូច​ការ​ទាយ​ទុក​មែន។ ភាព​ត្រឹម​ត្រូវ​និង​ភាព​ល្អិត​ល្អន់​នៃ​ទំនាយ​ទាំ​ង​នោះ​បង្ហាញ​យ៉ាង​ច្បាស់​ថា នេះ​មក​ពី​បុគ្គល​ដែល​ខ្ពង់​ខ្ពស់​ជាង​មនុស្ស​ឆ្ងាយ​ណាស់ ពោល​គឺ​ព្រះ។ —ពេត្រុស​ទី​២ ១:២១

  •   អ្នក​សរសេរ​គម្ពីរ​មាន​ចំណេះ​ដឹង​ខាង​វិទ្យា​សាស្ត្រ​ដែល​ហួស​ពី​ការ​យល់​ដឹង​របស់​មនុស្ស​នៅ​សម័យ​នោះ។ ជា​ឧទាហរណ៍ នៅ​សម័យ​បុរាណ​មនុស្ស​ជា​ច្រើន​នាក់​ជឿ​ថា​ផែនដី​បាន​ត្រូវ​ទ្រ​ដោយ​សត្វ​ផ្សេង​ៗ​ដូច​ជា ដំរី ជ្រូក​ព្រៃ ឬ​គោ​ឈ្មោល។ ផ្ទុយ​ទៅ​វិញ គម្ពីរ​ប្រាប់​ថា​ព្រះ​«​ព្យួរ​ផែនដី​នៅ​ទទេ​ធេង​»។ (​យ៉ូប ២៦:៧​) ស្រដៀង​គ្នា​ដែរ គម្ពីរ​ក៏​ប្រាប់​យ៉ាង​ត្រឹម​ត្រូវ​អំពី​រាង​របស់​ផែនដី​ដូច​ជា ​«​រង្វង់​»​ ឬ ​«​ដុំ​មូល​»។ (​អេសាយ ៤០:២២​) មនុស្ស​ជា​ច្រើន​គិត​ថា​ការ​ពន្យល់​ដ៏​សម​ហេតុ​ផល​ដែល​ហួស​ពី​ការ​យល់​ដឹង​របស់​ពួក​គេ បញ្ជាក់​ថា​អ្នក​សរសេរ​គម្ពីរ​បាន​ទទួល​ព័ត៌មាន​ពី​ព្រះ។

  •   មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា​មាន​ព្រះ​ទេ ដោយ​សារ​ពួក​គេ​មិន​បាន​ទទួល​ចម្លើយ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​អស់​ចិត្ត តែ​គម្ពីរ​មាន​ចម្លើយ​ចំពោះ​សំណួរ​ពិបាក​ៗ​ជា​ច្រើន។ ជា​ឧទាហរណ៍ បើ​ព្រះ​មាន​សេចក្ដី​ស្រឡាញ់ និង​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​មែន ហេតុ​អ្វី​ពិភព​លោក​នេះ​ពោរ​ពេញ​ដោយ​ទុក្ខ​វេទនា​និង​អំពើ​អាក្រក់? ហេតុ​អ្វី​ជា​រឿយ​ៗ​សាសនា​ជា​ដើម​ហេតុ​ដែល​នាំ​ឲ្យ​មាន​អំពើ​អាក្រក់​ជា​ជាង​មាន​អំពើ​ល្អ?—ទីតុស ១:១៦

a ជា​ឧទាហរណ៍ តារា​វិទូ​ម្នាក់​ឈ្មោះ​អាឡាន សានដេច ធ្លាប់​បាន​និយាយ​ពី​សកល​លោក​ថា​៖«​ខ្ញុំ​គិត​ថា របៀប​រៀប​រយ[ក្នុង​សកល​លោក]មិន​អាច​ផ្ដើម​ចេញ​ពី​ការ​គ្មាន​សណ្ដាប់​ធ្នាប់​បាន​ឡើយ។ ត្រូវ​តែ​មាន​អ្វី​មួយ​ដែល​បាន​រៀបចំ​របស់​ទាំ​ង​អស់។ ចំពោះ​ខ្ញុំ ព្រះ​ជា​រឿង​អាថ៌​កំបាំង​មួយ។ តែ​យ៉ាង​ណា​ក៏​ដោយ ជំនឿ​ថា​មាន​ព្រះ ជា​វិធី​ពន្យល់​អំពី​មូលហេតុ​ដែល​មាន​របស់​ទាំ​ង​អស់​នោះ ជា​ជាង​គ្មាន​អ្វី​មក​ពន្យល់​សោះ​»។